(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ កំពុងមានការកើនឡើងនៅតំបន់អាកទិក ប៉ុន្តែរុស្ស៉ីនៅតែមានឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស រួមមានទាំងមកពីលោកខាងលិច ក្នុងគម្រោងសេដ្ឋកិច្ចនៅទីនោះ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ពូទីន បានអះអាងថា បំណងដែលត្រូវបានបង្ហាញម្តងហើយម្តងទៀត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកាន់កាប់ដែនដី Greenland គឺមិនមែនជាការលេងសើចឡើយ ហើយវាច្បាស់ណាស់ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តលើកកម្ពស់ ផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់អាកទិក ប៉ុន្តែបញ្ហា Greenland មិនពាក់ព័ន្ធជាមួយរុស្ស៉ីនោះទេ។
លោកប្រធានាធិបតីរុស្ស៉ី បានបន្តថា អ្វីដែលទីក្រុងមូស្គូព្រួយបារម្ភ គឺត្រង់ថាបណ្តាប្រទេសសមាជិកអង្គការ NATO កំពុងខំប្រឹងចាត់ទុកតំបន់អាកទិកជា កន្លែងដែលអាចផ្ទុះជម្លោះ ហើយផ្តោតហ្វឹកហាត់កងទ័ពរបស់ពួកគេ នៅក្រោមលក្ខខណ្ឌបែបតំបន់ប៉ូល ក្នុងនោះរួមមានទាំងសមាជិកថ្មីៗរបស់ពួកគេ គឺហ្វាំងឡង់និងស៊ុយអែត។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៉ីកំពុងតាមឃ្លាំមើលស្ថានការណ៍ ហើយកសាងមធ្យោបាយឆ្លើយតប រួមមានទាំងតាមរយៈការពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងតំបន់។
ទោះជាបែបនេះក្តី លោក ពូទីន បានងាកទៅនិយាយអំពីកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចវិញថា បណ្តាដៃគូបរទេសនានា ដែលត្រៀមលក្ខណៈធ្វើសហប្រតិបត្តិការជាមួយប្រទេសរុស្ស៉ី ជុំវិញគម្រោងវិនិយោគនៅក្នុងតំបន់អាក់ទិក នឹងទទួលបានការធានា នូវផលតបស្នងយ៉ាងគាប់ប្រសើរត្រឡប់ទៅវិញ ហើយលោកបានបន្ថែមថា រុស្ស៉ីបន្តបើកចំហទ្វារស្វាគមន៍ជានិច្ច ដើម្បីបង្កើតគម្រោងរួមពាក់ព័ន្ធតំបន់អាកទិក។
គួរបញ្ជាក់ថា តំបន់ទឹកកកអាកទិក មានផ្ទុកឥន្ធនៈហ្វូស៉ីល ព្រមទាំងធនធានរ៉ែផ្សេងៗ នៅក្រោមផ្ទៃដីនិងបាតសមុទ្រនៅទីនោះ ដែលអាចនឹងទាញយកទៅប្រើប្រាស់ កាន់តែទូលំទូលាយទៅៗ ដោយសារការកើនឡើងកម្តៅនៃភពផែនដី។ វាក៏ជាតំបន់ប្រកួតប្រជែងផ្នែកយោធាផងដែរ ដោយក្រុមអ្នកវិភាគវិស័យការពារជាតិ មើលឃើញថា រុស្ស៉ីបានកសាងវត្តមានយ៉ាងឆាប់រហ័សជាង លោកខាងលិច តាមរយៈការបើកដំណើរការឡើងវិញ នូវមូលដ្ឋានសម័យសូវៀត និងការធ្វើទំនើបកម្មកងទ័ពជើងទឹក។ សហរដ្ឋអាមេរិកមើលឃើញ តំបន់អាកទិកមានសារសំខាន់ខ្លាំង សម្រាប់សន្តិសុខជាតិរបស់ខ្លួន ដោយរួមមានទាំងសម្រាប់ប្រព័ន្ធប្រកាសអាសន្នទាន់ពេលវេលា ប្រឆាំងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ៕