(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា គ្មានហេតុផលណាអាចបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុម Hezbollah នៅលីបង់នៅថ្ងៃសុក្រនេះទេ ហើយថាលោកនឹងទូរសព្ទទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើអគារមួយនៅជាយក្រុង Beirut ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ដែលសម្របសម្រួលដោយបារាំង និងសហរដ្ឋអាមេរិក។ លោក Macron បានបញ្ជាក់ថា សកម្មភាពនេះរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអ៊ីស្រាអែលបានបំពានដោយឯកតោភាគី។
លោក Macron គ្រោងនឹងទូរសព្ទទៅលោក ត្រាំ ក្នុងពេលឆាប់ៗនេះ និងលោក Netanyahu ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ ដើម្បីជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់វិញ។
គួរបញ្ជាក់ថា បទឈប់បាញ់កាលពីខែវិច្ឆិកា បានតម្រូវឱ្យក្រុម Hezbollah ដកអាវុធចេញពីភាគខាងត្បូងប្រទេសលីបង់ និងអ៊ីស្រាអែលដកកងទ័ពចេញ ខណៈដែលលីបង់ត្រូវដាក់ពង្រាយកងទ័ពជាតិនៅក្នុងតំបន់។ ចាប់តាំងពីបទឈប់បាញ់ ការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពាន ត្រូវបានបន្តធ្វើឡើងរវាងលីបង់ ហេសបូឡា និងអ៊ីស្រាអែល ដែលបង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់នេះ៕