(បាងកក)៖ នៅពេលគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក ក៏បានរងឥទ្ធិពលញ័ររញ្ជួយផងដែរ។
លោក Veerachart Wiwekkawin អ្នកជំនាញជាន់ខ្ពស់មួយរូប ផ្នែកភូគព្ភសាស្រ្តនិងរញ្ជួយផែនដី នៃនាយកដ្ឋានធនធានរ៉ែ របស់ប្រទេសថៃ កាលពីថ្ងៃសុក្រ បាននិយាយថា មូលហេតុបង្កឱ្យមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា គឺដោយសារដំណើររំកិលប៉ះគ្នា នៃស្រទាប់ផ្លាកតិចតូចរបស់ផែនដី នៅចំណុច Sagaing Fault ដែលលាតសន្ធឹងពីទីក្រុង Mandalay ដល់ ទីក្រុង Yangon។ វាស្ថិតនៅឆ្ងាយគួរសម ប៉ុន្តែឥទ្ធិពលរំញ័រនៅតែជះខ្លាំងដល់ទីក្រុងបាងកក។
អ្នកជំនាញខាងលើ បានលើកឡើងថា ការដែលរលករំញ័រអាចសាយមកដល់បាងកកបែបនេះ ដោយសារតែរញ្ជួយដីនោះមានកម្រិតធ្ងន់ និងជម្រៅយ៉ាងរាក់មួយ ត្រឹម១០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យអគារខ្ពស់នៅទីក្រុងបាងកក ងាយរង្គើដោយសារកម្លាំងរំញ័រ។ លោក Veerachart បានពន្យល់ថា ក្រោយមានគ្រោះរញ្ជួយដីធំបែបនេះ គឺតែងមានរំញ័រដែលគេហៅថា aftershock កើតមានឡើងបន្តបន្ទាប់ ដែលជាធម្មតាពួកវា មានកម្រិតតូចៗ រហូតបាត់ទៅវិញទាំងស្រុង ប៉ុន្តែលោកបានព្រមានថា រំញ័រ aftershock ទាំងនេះ អាចនឹងបន្ត២-៣សប្តាហ៍។ អ្នកជំនាញដដែល បានបន្ថែមថា ទោះជាបែបនេះក្តី វាទំនងជានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីតទៀតឡើយ ហើយស្ថានការណ៍ អាចសន្និដ្ឋានបានមានសុវត្ថិភាពនាពេលនេះ។
ចំណែក នាយកដ្ឋានឧតុនិយមថៃ បាននិយាយថា ទោះមកដល់សម័យទំនើបក៏ដោយ ឧបទ្ទវហេតុរញ្ជួយផែនដី នៅតែជាគ្រោះធម្មជាតិមួយ ដែលគេពុំអាចព្យាករបានត្រឹមត្រូវទាំងស្រុងនោះទេ ដូច្នេះហើយដើម្បីអាចទប់ស្កាត់ និងកាត់បន្ថយហានិភ័យខ្លះៗនៃគ្រោះរញ្ជួយដី សាធារណជន ត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានជាប់លាប់ អំពីគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីអាចត្រៀមលក្ខណៈបានប្រសើរ ហើយជម្លៀសខ្លួនបានទាន់ពេលវេលា ក្នុងគ្រាអាសន្ន។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដែលចេញពីមីយ៉ាន់ម៉ា, សម្រាប់ប្រទេសថៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១០នាក់ និងបង្កឱ្យបាត់ខ្លួនជាង ១០០នាក់ នៅការដ្ឋានសំណង់៣កន្លែង ក្នុងទីក្រុងបាងកក រួមមានទាំងអគារកំពុងសាងសង់កម្ពស់ ៣០ជាន់ ដែលបានដួលរលំ។ នៅមីយ៉ាន់ម៉ាផ្ទាល់ មានមនុស្សស្លាប់កើនដល់១០០២នាក់ និងរបួស២៣៧៦នាក់ ខណៈអន្តរជាតិកំពុងចូលរួមបញ្ជូនជំនួយ និងក្រុមសង្រ្គោះទៅកាន់ទីនោះផ្ទាល់ ដើម្បីគាំទ្រប្រតិបត្តិការជួយសង្រ្គោះ៕
ប្រភព៖ សារព័ត៌មានថៃ The Nation Thailand