(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា បន្ទាប់ពីស្នូរស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេង នៅតាមតំបន់ជាច្រើននៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអ៉ីស្រាអែល បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «បន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងបានមួយសន្ទុះខ្លី នៅតាមតំបន់ជាច្រើនរបស់អ៉ីស្រាអែល មីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន ត្រូវបានបាញ់ស្ទាក់បំផ្លាញដោយកងទ័ពអាកាស មុននឹងមីស៊ីលនេះហោះឆ្លងចូលក្នុងទឹកដីអ៉ីស្រាអែល»។

ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅប្រទេសយេម៉ែន ត្រូវបានរាយការណ៍ថាបានបាញ់មីស៊ីលស្ទើរជាប្រចាំលើអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក។ ក្រុមហ៊ូទី ក៏បាននិងកំពុង វាយប្រហារលើកប៉ាល់ដឹកទំនិញ រួមទាំងនាវាចម្បាំងអាមេរិកនៅក្នុងតំបន់សមុទ្រក្រហមផងដែរ ដោយនិយាយថាសកម្មភាពរបស់ពួកគេជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕