(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុមតូចមួយពី ១០ទៅ ១៥ប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មធំៗជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។
លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ នាថ្ងៃពុធនេះ និងហៅថាជា «ថ្ងៃរំដោះជាតិ»។ កន្លងមក លោកបានដាក់ចេញនូវពន្ធគយលើអាលុយមីញ៉ូម ដែកថែប រថយន្តរួចហើយ ជាមួយនិងការដំឡើងពន្ធលើទំនិញនាំចូលគ្រប់ប្រភេទពីចិន។ នៅលើយន្តហោះ Air Force One លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «យើងនឹងចាប់ផ្តើមជាមួយ ប្រទេសទាំងអស់។ ពិសេសគឺប្រទេសទាំងអស់ ដែលយើងកំពុងកំណត់គោលដៅ»។
គួរបញ្ជាក់ថា លោក ត្រាំ មើលឃើញថាពន្ធគយគឺជាមធ្យោបាយមួយ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក ពីការប្រកួតប្រជែងពិភពលោកដែលមិនយុត្តិធម៌ និងអាចយកធ្វើហេតុផលមកចរចារកលក្ខខណ្ឌល្អប្រសើរ សម្រាប់វិស័យបន្ទះឈីបអាមេរិក។ យ៉ាងនេះក្តី ការបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកំពុងធ្វើឱ្យទីផ្សារច្របូលច្របល់ និងបង្កើតការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក៕