(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទថា ក្រុមហ៊ុនអាមេរិកមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងរួមគ្នាក្នុងការទាញយកលោហធាតុដ៏កម្រនៅរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានព្រមានថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីប្រកាសនេះកើតឡើងចំពេលមានការលើកឡើង​ អំពីកិច្ចព្រមព្រៀងរុករករ៉ែដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាម។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើកាលពីខែកុម្ភៈថា អាមេរិកអាចចាប់អារម្មណ៍លើការរុករករួមគ្នាលើទុនបម្រុងរ៉ែដ៏កម្ររបស់រុស្ស៊ី ដែលមានទុនបម្រុងធំជាងគេទី ៥ របស់ពិភពលោក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាទេ ដោយសារទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកនៅរុស្ស៊ី ប៉ុន្តែលោកបានទទួលស្គាល់ថា «ក្រុមហ៊ុនមួយចំនួន​កំពុងបង្ហាញចំណាប់អារម្មណ៍»។ លោក Peskov បានបន្ថែមថា ចំណាប់អារម្មណ៍នេះគឺមានទៅវិញទៅមក ដោយសារគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ បេសកជនវិនិយោគរបស់លោក ពូទីន គឺលោក Kirill Dmitriev ក៏បានប្រាប់កាសែត Izvestia ផងដែរថា ការពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកបានចាប់ផ្តើមហើយ។

គួរបញ្ជាក់ថា រ៉ែដ៏កម្រទាំង ១៧ ប្រភេទ មានសារៈសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យាទំនើបៗ រួមទាំងរថយន្តអគ្គិសនី និងគ្រឿងយោធា។ សហរដ្ឋអាមេរិកប៉ាន់ប្រមាណថា រុស្ស៊ីមានទុនបម្រុងរ៉ែដ៏កម្រចំនួន ៣,៨ លានតោន។ គេរំពឹងថា កិច្ចសហប្រតិបត្តិការនេះអាចនឹងត្រូវបានពិភាក្សាបន្ថែមទៀតនៅក្នុងកិច្ចចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនាពេលខាងមុខនៅអារ៉ាប៊ីសាអូឌីត៕