(ស្តុកខម)៖ ប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ១,៦ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលជាការបរិច្ចាគដ៏ធំបំផុតដែលខ្លួនធ្លាប់បានធ្វើ ដើម្បីជួយទីក្រុងកៀវក្នុងការពង្រឹងជំហរចរចារបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានថ្លែងថា កញ្ចប់ជំនួយភាគច្រើន ដែលមានតម្លៃប្រហែល ១ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ទិញឧបករណ៍យោធាថ្មី។ ប្រទេសស៊ុយអែត ក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ ៥០០ លានដុល្លារដល់ឧស្សាហកម្មការពារជាតិអ៊ុយក្រែនផងដែរ។

លោក Jonson បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាម ហើយការគាំទ្រអន្តរជាតិគឺចាំបាច់ណាស់ ដើម្បីឱ្យប្រទេសនេះមានជំហររឹងមាំក្នុងការចរចា។ លោកបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតបង្កើនការគាំទ្ររបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមសម្របសម្រួលបទឈប់បាញ់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ប្រទេសស៊ុយអែតក៏បានប្រកាសផងដែរថា ខ្លួននឹងបង្កើនជំនួយសរុបដល់អ៊ុយក្រែននៅឆ្នាំនេះ ដល់ ៤ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ដើម្បីជួយដល់ការប្រយុទ្ធរបស់ទីក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕