(បរទេស)៖ ថ្មីៗនេះនិយតករប្រឆាំងការទុកចិត្តរបស់បារាំងបានពិន័យក្រុមហ៊ុន Apple ចំនួន ១៥០ លានអឺរ៉ូ (ប្រហែល ១៦២.៤២ លានដុល្លារ) ជុំវិញការរំលោភលើទីតាំងលេចធ្លោរបស់ខ្លួនក្នុងការផ្សាយពាណិជ្ជកម្មតាមកម្មវិធីទូរស័ព្ទតាមរយៈឧបករណ៍ App Tracking Transparency (ATT) ចន្លោះឆ្នាំ២០២១ និង២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

មុខងារ ATT អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone និង iPad សម្រេចថាតើកម្មវិធីណាមួយអាចតាមដានសកម្មភាពរបស់ពួកគេ ប៉ុន្តែវាបានប្រឈមមុខនឹងការរិះគន់ពីអ្នកផ្សាយពាណិជ្ជកម្ម និគូប្រជែងមួយចំនួនដែលពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ ការផាកពិន័យនេះ ត្រូវបានដាក់បន្ទាប់ពីមានការត្អូញត្អែរពីសមាគមតំណាងអ្នកផ្សាយពាណិជ្ជកម្មអនឡាញ អ្នកបោះពុម្ពផ្សាយ និងអ្នកលេងបណ្តាញអ៊ីនធឺណិត ដែលបានចោទប្រកាន់ក្រុមហ៊ុន Apple ពីបទប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដោយអយុត្តិធម៌។

អាជ្ញាធរប្រកួតប្រជែងរបស់បារាំងបានទទួលស្គាល់ថាគោលដៅរបស់ ATT ក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនមិនមានបញ្ហាទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះបានរិះគន់ការអនុវត្តនេះថា «មិនចាំបាច់ ឬ មិនសមាមាត្រ» ទៅនឹងគោលបំណងឯកជនភាពដែលបានបញ្ជាក់របស់ក្រុមហ៊ុន Apple នោះទេ។

គួរជម្រាបថា ក្រុមហ៊ុន Apple បានឆ្លើងតបថាខ្លួនមានការខកចិត្តចំពោះការផាកពិន័យរបស់បារាំង ប៉ុន្តែនិយតករមិនតម្រូវឱ្យមានការផ្លាស់ប្តូរណាមួយចំពោះឧបករណ៍គ្រប់គ្រងឯកជនភាពរបស់ខ្លួននោះទេ។ ប៉ុន្តែជុំវិញករណីនេះ ក្រុមឃ្លាំមើលបារាំងបានបញ្ជាឱ្យ Apple ផ្សព្វផ្សាយសេចក្តីសម្រេចនេះនៅលើគេហទំព័ររបស់ខ្លួនរយៈពេល ៧ថ្ងៃ៕