(Reuters)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិន និងរុស្ស៉ីគឺជាមិត្តនឹងគ្នារហូត ហើយនឹងមិនអាចក្លាយជាសត្រូវនឹងគ្នាដាច់ខាត ក្នុងបរិបទដែលសហរដ្ឋអាមេរិកក្រោមអាណត្តិរបស់ លោក ដូណាល់ ត្រាំ កំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារ ទី១ ខែមេសា អំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ។ ក្នុងសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានរដ្ឋរុស្ស៉ី RIA លោក វ៉ាង យី បានលើកឡើងដូច្នេះថា «គោលការណ៍ជាមិត្តនឹងគ្នារហូត ហើយនឹងមិនក្លាយជាសត្រូវនឹងគ្នា...នឹងត្រូវប្រើជាមូលដ្ឋានច្បាប់មួយយ៉ាងរឹងមាំសម្រាប់ការជំរុញ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់»។ លោក វ៉ាងបន្ថែមថាស្ថានការណ៍ពិភពលោកសព្វថ្ងៃ តម្រូវឱ្យមហាអំណាចធំៗធ្វើសកម្មភាពក្នុងនាមជាតួអង្គរក្សាស្ថិរភាព ដូច្នេះការបោះជំហានរបស់អាមេរិក ឆ្ពោះទៅរកផ្សះផ្សាជាមួយរុស្ស៉ី គួរតែត្រូវបានលើកទឹកចិត្ត។
គួរបញ្ជាក់ថា លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាដំណើរទស្សនកិច្ចមួយហ៊ុមព័ទ្ធ ដោយភាពមិនច្បាស់លាស់នៃកិច្ចចរចាស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ស្របពេលលោក ដូណាល់ ត្រាំ បានរិះគន់ទាំងមេដឹកនាំរុស្ស៉ី និងអ៊ុយក្រែន៕