(កៀវ)៖ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យដាក់ទោសលើរុស្ស៉ី សម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមសរុបច្រើនជាង ១៨៣០០០ករណី ដែលរកឃើញដោយអ៊ុយក្រែន គិតតាំងពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើម កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានលើកឡើងថា «យើងត្រូវការច្បាប់អន្តរជាតិដែលមានប្រសិទ្ធភាព ដើម្បីធានាការពារប្រជាជនយើង និងសង្គមអឺរ៉ុបទាំងអស់ពីការគំរាមកំហែងបែបនេះ។ ចាំបាច់ត្រូវតែមានយុត្តិធម៌ ដើម្បីទប់ស្កាត់កុំឱ្យអំពើបិសាច អាចរាតត្បាតបន្តទៀត។ ការដាក់សម្ពាធនិងទណ្ឌកម្មប្រឆាំងរុស្ស៉ី មានភាពចាំបាច់ណាស់ ដើម្បីប្រាកដថា សង្រ្គាមនិងអំពើរំលោភបំពាន មិនរីកកាន់តែធំ»។
សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមភាគច្រើនប្រឆាំងនឹងរុស្ស៉ី កំពុងត្រូវបានស៉ើបអង្កេតនិងជំនុំជម្រះដោយអ៊ុយក្រែនផ្ទាល់។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេនៃប្រទេសហូឡង់ ក៏បានបើកការស៉ើបអង្កេតលើសំណុំរឿងធំៗផងដែរ។ កន្លងទៅ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែទីក្រុងមូស្គូ បានចំអកឱ្យថា វាគ្រាន់ជាទង្វើគ្មានន័យមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានលើកឡើងដូចខាងលើ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ នៃការវាយបណ្តេញកងកម្លាំងរបស់រុស្ស៉ី ចេញពីក្រុង Bucha នៅភាគពាយព្យរដ្ឋធានីកៀវ ជាទីដែលកងទ័ពរុស្ស៉ីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើសាហាវឃោរឃៅ ដូចជាប្រហារជីវិតមនុស្ស រំលោភសេពសន្ថវៈ និងធ្វើទារុណកម្ម ជាដើម។ ទីក្រុងមូស្គូ ធ្លាប់បានបដិសេធការចោទប្រកាន់នេះ និងបានចោទវិញថា ក្រុមលោកខាងលិច បានមើលរំលងការប្រព្រឹត្តឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន ជាការចោទប្រកាន់ ដែលទីក្រុងកៀវ បានបដិសេធដូចគ្នា៕