(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថា «ឱសានវាទ» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ លុះត្រាតែអ៊ីរ៉ង់យល់ព្រមធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់កាសែតរុស្ស៊ី «កិច្ចការអន្តរជាតិ» នៅក្នុងបទសម្ភាសន៍មួយថា «ការគំរាមកំហែងពិតជាត្រូវបានគេឮ ហើយឱសានវាទក៏ត្រូវបានគេឮផងដែរ»។ លោក​បាន​បន្ថែម​ថា «យើង​ថ្កោលទោស​វិធីសាស្ត្រ​បែប​នេះ ហើយ​ចាត់​ទុក​ថា​មិន​សមរម្យ។ យើង​មើល​ឃើញ​ថា​វា​ជា​មធ្យោបាយ​របស់ (សហរដ្ឋអាមេរិក) ក្នុង​ការ​ព្យាយាម​ដាក់​ឆន្ទៈ​របស់​ខ្លួន​លើ​ភាគី​អ៊ីរ៉ង់»។

គួរកត់សម្គាល់ថា រុស្ស៊ីកន្លងមកកម្ររិះគន់លោក ត្រាំ ខ្លាំងៗណាស់ ហើយប្រធានាធិបតី Vladimir Putin ថែមទាំងបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ ទៀតផង ដែលទង្វើនេះបានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់រុស្ស៊ី។ វិមានក្រឹមឡាំងថែមទាំង បានស្នើឱ្យមានការសម្របសម្រួលរវាងរដ្ឋបាល ត្រាំ និងអ៊ីរ៉ង់ ដែលរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមករា។

ក្នុងការថ្លែងសុន្ទរកថាជាលើកដំបូងរបស់លោក ចាប់តាំងពីអ៊ីរ៉ង់បដិសេធការចរចាផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ NBC News កាលពីចុងសប្តាហ៍ថា ទីក្រុងតេអេរ៉ង់អាចប្រឈមមុខនឹងការទម្លាក់គ្រាប់បែក និងពន្ធបន្ថែម ប្រសិនបើខ្លួនមិនឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Ryabkov បានចាត់ទុកការអត្ថាធិប្បាយថ្មីៗនេះជា «ការធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ» ប៉ុណ្ណោះទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ដោយព្រមានថា «ផលវិបាកនៃរឿងនេះ ជាពិសេសប្រសិនបើមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ អាចជាមហន្តរាយសម្រាប់តំបន់ទាំងមូល»៕