(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញការខកចិត្តទៅនឹង ប្រតិកម្មរបស់ស្ថានទូតអាមេរិក ចំពោះការវាយប្រហារមីស៉ីលមួយរបស់រុស្ស៉ី ដែលបានសម្លាប់មនុស្ស១៨នាក់់ ក្នុងនោះរួមមាន​កុមារ៩នាក់ នៅឯទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់លោក ហ្សេលេនស្គី ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានសរសេរសារនៅលើបណ្តាញសង្គម X ថា ស្ថានទូតមួយចំនួននៅទីក្រុងកៀវ បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសុក្រ ហើយបានលើកឡើងឈ្មោះរុស្ស៉ីចំៗ សម្រាប់ការវាយប្រហារនោះ។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា សាររបស់ស្ថានទូតអាមេរិក ជុំវិញការវាយប្រហារខាងលើ គឺមិនមាននិយាយអំពីរុស្ស៉ីឡើយ។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «គួរឱ្យសោកស្តាយ ការឆ្លើយតបពីស្ថានទូតអាមេរិក គឺជារឿងខកចិត្តគួរឱ្យភ្ញាក់ផ្អើលមួយ។ អាមេរិកជាប្រទេសរឹងមាំ មានប្រជាជនរឹងមាំ ប៉ុន្តែបែរជាបញ្ចេញប្រតិកម្មទន់ខ្សោយបែបនេះ។ ពួកគេមិនហ៊ានលើកឡើងសូម្បីតែពាក្យ «រុស្ស៉ី» នៅពេលយាយអំពីការវាយប្រហារមីស៉ីល ដែលបានសម្លាប់ក្មេងៗ។ ការមិននិយាយស្តី អំពីការពិតដែលថា រុស្ស៉ីផ្តាច់ជីវិតក្មេងៗដោយប្រើមីស៉ីលបាលិស្ទីគ គឺជារឿងខុសនិងគ្រោះថ្នាក់។ វានឹងលើកទឹកចិត្ត​ឱ្យទីក្រុងមូស្គូបន្តសង្រ្គាម ហើយមិនអើពើចំពោះកិច្ចប្រឹងប្រែងការទូត។ ភាពទន់ខ្សោយ មិនដែលអាចបិទបញ្ចប់សង្រ្គាមបាននោះឡើយ»

ពាក់ព័ន្ធទៅនឹងការវាយប្រហារមីស៉ីលកាលពីថ្ងៃសុក្ររបស់រុស្ស៉ី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន​ លោកស្រី Bridget Brink បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំតក់ស្លុតណាស់ ដែលយប់នេះ មីស៉ីលបាលិស្ទីគមួយគ្រាប់ បានធ្លាក់ចំក្បែរកន្លែងក្មេងលេង និង​ភោជនីយដ្ឋាន នៅទីក្រុង Kryvyi Rih។ មនុស្សជាង៥០នាក់ បានរងរបួស និង១៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់។ នេះហើយជាមូលហេតុ ដែលសង្រ្គាមចាំបាច់ត្រូវតែបញ្ចប់»

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បាននិងកំពុងងាកទៅស្តារទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាការផ្លាស់ប្តូរពីជំនាន់ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ចាប់តាំងពីផ្ទុះជម្លោះពាក្យសម្តីជាមួយលោក ត្រាំ នៅសេតវិមានមក លោក ហ្សេលេនស្គី បានប្រុងប្រយ័ត្ន ក្នុងការរិះគន់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៉ីនតោនព្យាយាមជួយស្វែងរក ទីបញ្ចប់សម្រាប់សង្រ្គាមរយៈពេលជាង៣ឆ្នាំមកនេះ ជាមួយរុស្ស៉ី៕