(ភ្នំពេញ)៖ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមន៍អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិនបានឱ្យដឹងថា នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ សង្គមស៊ីវិលកម្ពុជា និងចិននឹងសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដែលមានទីតាំង នៅភូមិតានន ឃុំដូង ស្រុកបាទីខេត្តតាកែវ។

លោកបណ្ឌិតបញ្ជាក់ថា ការព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖

1- ការពន្លាតអរិយធម៌រាប់ពាន់ឆ្នាំរបស់ជនជាតិខ្មែរ ទៅកាន់ពិភពលោកតាមរយៈមិត្តភក្តិចិនដែលអញ្ជើញមកពី ការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បណ្តាសារព័ត៌មានចិន និងបណ្តាសហគ្រាសចិនដែលមកលេងកម្សាន្ត សង្ក្រាន្តភូមិតានន។

2- ការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ស្របតាមគំនិតផ្តួចផ្តើមអរិយធម៌សកល ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាង សហគមន៍ជោគវាសនារួម កម្ពុជានិងចិន នាយុគសម័យថ្មី។

3- ការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដែកថែប កម្ពុជានិងចិន ដែលនឹងបន្តផ្ទេរមរតកដ៏ប្រពៃនេះ ទៅកាន់ក្មេងជំនាន់ក្រោយ ដោយផ្តើមចេញពីភូមិតានន ដែលជាភូមិគំរូមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រ។

4- ការប្រើប្រាស់វេទិកានេះដើម្បីឱ្យក្រុមហ៊ុនចិន ដែលជាអតិថិជនបានជួបផ្ទាល់ជាមួយម្ចាស់កសិផល ដែលជាអ្នកភូមិតានន ស្របតាមកិច្ចខិតខំគាំទ្ររវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងការបើកច្រករបៀងអង្ករនិងត្រី ដែលជាគោលការណ៍គ្រឹះ នៃការបង្ហាញវឌ្ឍនភាពរីកចម្រើនរបស់ភូមិតានន ក្រោមជំនួយរបស់ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី៕

វិទ្យុមិត្តភាពកម្ពុជាចិន