(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួននឹងមិនចាត់វិធានការសងសឹកណាមួយ ដើម្បីឆ្លើយតបទៅនឹងពន្ធពាណិជ្ជកម្ម ៣២% ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លើប្រទេសរបស់ខ្លួននោះទេ។ ការប្រកាសនេះគឺជាការឆ្លើយតបជាលើកដំបូងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីចំពោះការដំឡើងពន្ធសកលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួសឱ្យការសងសឹក ឥណ្ឌូនេស៊ីនឹងបន្តការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។

លោក Airlangga បានពន្យល់ថា វិធីសាស្រ្តនេះត្រូវបានជ្រើសរើសដោយសារតែការពិចារណាលើផលប្រយោជន៍រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការរក្សាបរិយាកាសវិនិយោគអំណោយផល និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់ការគាំទ្រដល់វិស័យដែលអាចរងផលប៉ះពាល់ដោយសារពន្ធថ្មីនេះ ដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងជាដើម។

លោក Airlangga ក៏បាននិយាយផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងប្រមូលធាតុចូលពីផ្នែកធុរកិច្ចនានានៅថ្ងៃចន្ទ ដើម្បីជួយរៀបចំយុទ្ធសាស្ត្រជាក់លាក់សម្រាប់ដោះស្រាយបញ្ហាពន្ធរបស់សហរដ្ឋអាមេរិក។ លើសពីនេះ ឥណ្ឌូនេស៊ីក៏នឹងស្វែងរកមធ្យោបាយដើម្បីពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅទ្វីបអឺរ៉ុប​ ជាជម្រើសមួយក្រៅពីសហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ឥណ្ឌូនេស៊ីបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៦,៨ ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំទី ៣ របស់ខ្លួន ដោយមានទំហំនៃការនាំចេញសរុបចំនួន ២៦,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ទំនិញសំខាន់ៗដែលឥណ្ឌូនេស៊ីនាំចេញទៅអាមេរិករួមមាន គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងស្បែកជើង៕