(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី៧ ខែមេសា ទីក្រុងប៉េកាំង បានឱ្យដឹងថា មន្រ្តីកំពូលចិនមួយរូប បានប្តេជ្ញាថា នឹងការពារផលប្រយោជន៍ របស់ក្រុមហ៊ុនបរទេសនានា រួមមានទាំងក្រុមហ៊ុនអាមេរិក ហើយបានសន្យាថា ប្រទេសមហាយក្សអាស៉ីមួយនេះ នឹងនៅតែបន្តធ្វើជាកន្លែងដែលមានសុវត្ថិភាពខ្ពស់ និងពោរពេញដោយសក្តានុពល សម្រាប់ការវិនិយោគរបស់បរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីសប្តាហ៍មុន ចិនបានប្រកាសដំឡើងពន្ធ៣៤ភាគរយ លើទំនិញរបស់អាមេរិក ដើម្បីជាការសងសឹក។ នៅថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Ling Ji បានប្រាប់ក្រុមអ្នកតំណាងរបស់ក្រុមហ៊ុនអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅថា ពន្ធគយខាងលើរបស់ទីក្រុងប៉េកាំង នឹងជួយការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសទាំងអស់ រួមទាំងក្រុមហ៊ុនអាមេរិក។

លោក Ling បានបន្តថា ការដំឡើងពន្ធនោះ ដែលនឹងចូលជាធរមាននៅថ្ងៃទី១០ ខែមេសា មានគោលដៅជំរុញឱ្យអាមេរិក ត្រឡប់ទៅដើរលើគន្លងផ្លូវត្រឹមត្រូវវិញ នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈឫសគល់នៃបញ្ហាដំឡើងពន្ធគយដាក់គ្នានេះ គឺដោយសារតែសហរដ្ឋអាមេរិកសុទ្ធសាធ។ លោក Ling បានទទូចឱ្យក្រុមហ៊ុនទាំងឡាយ ធ្វើសកម្មភាពដែលត្រឹមត្រូវ ដើម្បីរួមគ្នា​រក្សាស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ចិនបានប្រកាសថា ខ្លួននឹងដំឡើងពន្ធក្នុងអត្រា៣៤ភាគរយ ទៅលើទំនិញនាំចូល​ទាំងអស់ពីសហរដ្ឋអាមេរិក ដើម្បីជាចំណាត់ការសងសឹក ចំពោះការដំឡើងពន្ធក្នុងកម្រិតដូចគ្នា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងសប្តាហ៍ដដែលនោះ៕