(សិង្ហបុរី)៖ ទីផ្សារហិរញ្ញវត្ថុសកលបានបន្តរងភាពចលាចលយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយសារវិធានការពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យសន្ទស្សន៍ Straits Times (STI) របស់សិង្ហបុរីធ្លាក់ចុះ ៨,៧ភាគរយ ភ្លាមៗនៅពេលបើកទីផ្សារ មកនៅត្រឹម ៣ ៤៩៤,៣៩ ពិន្ទុ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។

វាជាការធ្លាក់ចុះមួយថ្ងៃដ៏ធំបំផុតរបស់ STI ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ដែលកាលណោះសន្ទស្សន៍នេះបានធ្លាក់រហូតដល់ ៨,៩ ភាគរយ ហើយលើសពីការធ្លាក់ ៨,៤ ភាគរយដែលបានកើតឡើងក្នុងខែមីនា ឆ្នាំ ២០២០ អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ទៀតផង។

លោក David Gerald ប្រធានសមាគមអ្នកវិនិយោគមូលបត្រសិង្ហបុរី បានថ្លែងប្រាប់កាសែត The Straits Times ថា អ្នកជំនាញបានព្រមានថា ប្រសិនបើពន្ធគយទាំងនេះនៅតែបន្តអនុវត្ត នោះវាអាចបណ្តាលឱ្យមានអតិផរណាកើនឡើងខ្ពស់ និងកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ដែលជាហេតុនាំឱ្យទីផ្សារទូទាំងពិភពលោក រួមទាំងសិង្ហបុរីផងដែរ ជួបប្រទះនឹងការប្រែប្រួល និងការលក់ចេញទ្រង់ទ្រាយធំ។

សមាគមបានកត់សម្គាល់ក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទនេះថា ទោះបីជាទីផ្សារភាគហ៊ុនសិង្ហបុរី បានបង្ហាញភាពធន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ការព្រួយបារម្ភអំពីពន្ធដារបានធ្វើឱ្យទីផ្សារទីបំផុត «រងគ្រោះ» នៅពេលដែលសម្ពាធលក់បានគ្របដណ្ដប់ទីផ្សារចាប់តាំងពីថ្ងៃសុក្រ។ នេះគឺបន្ទាប់ពីការប្រកាសពន្ធដែលអាក្រក់ជាងការរំពឹងទុកដោយរដ្ឋបាលត្រាំ ដែលបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា សេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដោយដាក់ពន្ធ «អប្បបរមាជាមូលដ្ឋាន» ១០ ភាគរយលើទំនិញនាំចូលទាំងអស់ រួមទាំងទំនិញពីប្រទេសសិង្ហបុរីផងដែរ ហើយអត្រាពន្ធអាចនឹងខ្ពស់ជាងនេះសម្រាប់ដៃគូពាណិជ្ជកម្មជាក់លាក់៕