(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារ ទី៨ ខែមេសា បានប្ដេជ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងការយកពន្ធគយរបស់សហរដ្ឋអាមេរិក រហូតដល់ទីបញ្ចប់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមយកពន្ធបន្ថែមលើទំនិញនាំចូលពីមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា «ការគំរាមបង្កើនការយកពន្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិន គឺជាកំហុសមួយបន្ថែមលើកំហុសមួយ ដែល បានបង្ហាញសារជាថ្មីផងដែរឱ្យគេឃើញពីធម្មជាតិចូលចិត្តសម្លុតគំរាមគេឯងរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ចិននឹងមិនចុះញ៉មចំពោះការសម្លុតគំរាមបែបនេះនោះទេ ហើយប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តធ្វើតាមដូចការសម្លុតគំរាម នោះចិននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់»។
អ្នកនាំពាក្យរូបនេះបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកបង្កើនការយកពន្ធ នោះចិននឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន»។ តែទោះជាយ៉ាងក៏ដោយ ក្រសួងពាណិជ្ជកម្មចិននៅតែទទូចថាប៉េកាំងមានបំណងស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយថាគ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មមួយនោះទេ។
គួរបញ្ជាក់ថាប្រតិកម្មរបស់ចិន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធ សងសឹករបស់ខ្លួនលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក៕