(កំប៉ាឡា, អូហ្កង់ដា)៖ ការកាត់ផ្តាច់ជំនួយបរទេស ដែលដាក់ចេញដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរារាំងដល់កម្មវិធីតាមដាន និងបង្ការមេរោគគ្រោះថ្នាក់ពីការផ្ទុះឡើងនៅជុំវិញពិភពលោក ហើយកើតមានឡើងចំពេលដែលជំងឺដូចជា mpox និង Ebola កំពុងរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ ២០២៥។
កាលពីខែមករា រដ្ឋាភិបាលលោក ត្រាំ បានផ្អាកស្ទើរតែទាំងស្រុងនូវកម្មវិធីផ្តល់ជំនួយបរទេស នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីកាត់បន្ថយការចំណាយ។ ភ្លាមៗវាបានជះផលប៉ះពាល់ដល់តំបន់អាហ្រ្វិក រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។
ក្រុមអ្នកជំនាញសុខភាពសកលបានប្រាប់ CNA ថា ជំងឺឆ្លងច្រើនតែចេញផុតពីព្រំដែន។ របៀបសម្រេចចិត្តទាក់ទងនឹងបញ្ហាសុខភាពពិភពលោក អាចជះផលប៉ះពាល់ដល់កន្លែងផ្សេងទៀត ដោយមិនគិតពីប្រភពដើម។
ជាឧទាហរណ៍ ប្រទេសអ៊ូហ្គង់ដា កំពុងស្ថិតក្នុងការផ្ទុះឡើងលើកទី ៦នៃជំងឺដែលមានប្រភពមកពីប្រទេសស៊ូដង់ នោះគឺគ្រុនឈាមធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យស្លាប់ ដោយសារតែវាមានអំបូរជាមួយនិងមេរោគ Ebola។ ចាប់តាំងពីដើមឆ្នាំមក មានករណីចំនួន ១២ត្រូវបានបញ្ជាក់ ក្នុងនោះ ២នាក់ស្លាប់។ ប៉ុន្តែការផ្ទុះនៅលើកនេះ អ៊ូហ្គង់ដាមានធនធានស្តួចស្តើងជាងមុន សមត្ថភាពនៃមន្ទីរពិសោធន៍កាន់តែខើចទៅ ហើយក្រុមការងារផ្នែកសុខភាពកំពុងតស៊ូ ដើម្បីដោះស្រាយបញ្ហា។
នៅឯប្រទេសតង់ហ្សានី មេរោគ Marburg ដែលជាជំងឺគ្រុនឈាមធ្ងន់ធ្ងរ និងកើតមានឡើងញឹកញាប់ បានសម្លាប់មនុស្ស ១០នាក់។ អ្នកជំនាញបារម្ភថា ការផ្ទុះឡើងនៃមេរោគបែបនេះអាចលេចឡើង ហើយកាន់តែរាលដាលនៅពេលដែលជំនួយ ក៏ដូចជាការចែករំលែកព័ត៌មានរបស់សហរដ្ឋអាមេរិក មិនដំណើរការទៀត។ ក្រៅពីនេះហានិភ័យនៃការផ្ទុះជំងឺ Mpox ក៏កំពុងកើតមាននៅតាមបណ្តាប្រទេសអាហ្វ្រិកផងដែរ៕