(ហ្សាការតា)៖ កាលពីថ្ងៃចន្ទ ទី៧ ខែមេសា ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក Prabowo Subianto បាននិយាយថា ឥណ្ឌូណេស៉ីចង់បានទំនាក់ទំនងមួយ ដែលស្មើភាពគ្នានិងមានយុត្តិធម៌ជាមួយសហរដ្ឋអាមេរិក ហើយនឹងប្រើមធ្យោបាយការទូត ដើម្បីដោះស្រាយបញ្ហាពន្ធគយ៣២ភាគរយ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់មកលើប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Prabowo បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។ យើងនឹងនិយាយថា ពួកយើងចង់បានទំនាក់ទំនងល្អ ទំនាក់ទំនងមានយុត្តិធម៌ និងទំនាក់ទំនងស្មើភាពគ្នា»។ ទីក្រុងហ្សាការតា បាននិយាយរួចហើយថា ខ្លួននឹង​ជ្រើសរើសយកវិធីសាស្រ្តចរចា ជាជាងការសងសឹងប្រឆាំងទៅនឹងវិធានការពន្ធរបស់អាមេរិក ហើយនឹងបញ្ជូនប្រតិភូជាន់ខ្ពស់ ទៅកាន់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ស្ថិតក្នុងចំណោមប្រទេសអាស៊ានចំនួន៦ ដែលបានទទួលរងការដំឡើងពន្ធក្នុងអត្រាខ្ពស់ពីសំណាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ វិធានការពន្ធគយនោះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា តទៅ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូណេស៉ីផ្ទាល់ ឥណ្ឌូណេស៉ីមានអតិរេកពាណិជ្ជកម្មទំហំ ១៦.៨ពាន់លានដុល្លារ កាលពីឆ្នាំមុន ជាមួយសហរដ្ឋអាមេរិក ដែលជាគោលដៅនាំចេញធំបំផុតលំដាប់ទី៣ របស់ខ្លួន និងដែលបាននាំចូលទំនិញសរុប ២៦.៣ពាន់លានដុល្លារ ពីឥណ្ឌូណេស៉ី កាលពីឆ្នាំ២០២៤៕