(ហាណូយ)៖ កាលពីថ្ងៃចន្ទ ទី៧ ខែមេសា នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម លោក Pham Minh Chinh បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វៀតណាមនឹងទិញទំនិញបន្ថែមពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងផលិតផលការពារជាតិនិងសន្តិសុខ ហើយបានស្នើសុំឱ្យពន្យារពេល៤៥ថ្ងៃ សម្រាប់វិធានការដំឡើងពន្ធរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Chinh បាននិយាយថា វៀតណាមបានស្នើសុំឱ្យអាមេរិក ពន្យារពេលជាបណ្តោះអាសន្នសិន ចំពោះការអនុវត្តពន្ធគយ ក្នុងអត្រា៤៦ភាគរយ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្តាហ៍មុន ហើយគ្រោងចូលជាធរមាន នៅថ្ងៃទី៩ ខែមេសា ដើម្បីទុកពេលសម្រាប់ការចរចាគ្នា។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ និងមេដឹកនាំកំពូលវៀតណាម លោក To Lam ក៏បានជជែកគ្នាតាមទូរស័ព្ទផងដែរ ហើយ​បានឯកភាពគ្នាបើកកិច្ចពិភាក្សា ជុំវិញកិច្ចព្រមព្រៀង ដើម្បីលុបចោលពន្ធគយ។ ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ លោក Chinh បានលើកឡើងថា វៀតណាមនឹងពិនិត្យមើលឡើងវិញលើបញ្ហាផ្សេងៗ ដូចជាគោលនយោបាយរូបិយបណ្ណ អត្រាប្តូរប្រាក់ និងរនាំងពាណិជ្ជកម្មមិនមែនពន្ធ ជាដើមរបស់ខ្លួន។

គួរបញ្ជាក់ថា វៀតណាមដែលជាមូលដ្ឋានវិស័យកម្មន្តសាលធំមួយប្រចាំក្នុងតំបន់ សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើន កាលពីឆ្នាំ២០២៤ មានអតិរេកពាណិជ្ជកម្មរហូតដល់ជាង ១២៣ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញទំនិញធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ៕