(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលរបស់លោក គ្រោងស្នើកញ្ចប់ថវិកាការពារជាតិ រហូតដល់១ទ្រីលានដុល្លារ ដែលជាទំហំធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg។
អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នៅសេតវិមាន លោក ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា សំណើកញ្ចប់ថវិកាការពារជាតិខាងមុខនេះ នឹងស្ថិតក្នុងរង្វង់ ១ទ្រីលានដុល្លារ។ ប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានបង្ហោះសារនៅលើប្រព័ន្ធ X យ៉ាងដូច្នេះថា «នឹងមកដល់ឆាប់ៗនេះ៖ កញ្ចប់ថវិកាក្រសួងការពារជាតិ ទំហំ១ទ្រីលានដុល្លារ ជាលើកដំបូងបំផុត»។ យ៉ាងណាមិញ លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ឡើយថា តើកញ្ចប់ថវិកា ១ទ្រីលានដុល្លារនោះ នឹងសម្រាប់តែមន្ទីរបញ្ចកោណតែឯង ឬជាកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិរួមនោះទេ។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំសារពើពន្ធ២០២៥នេះ សភាអាមេរិកបានបែងចែកថវិកាសរុប ៨៩២ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិរួម ដែលរួមមានសម្រាប់មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ចំនួន៨៥០ពាន់លានដុល្លារ, សម្រាប់សកម្មភាពពាក់ព័ន្ធការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយក្រសួងថាមពល ចំនួន៣៤ពាន់លានដុល្លារ ខណៈ ១១ពាន់លានដុល្លារ សម្រាប់កម្មវិធីសន្តិសុខផ្សេងៗ នៅតាមស្ថាប័នដទៃទៀត។ កន្លងមក ក៏មានការព្យាកររួចស្រេចផងដែរថា កញ្ចប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នឹងមានចំនួនលើសពី ៩៥០ពាន់លានដុល្លារ៕