(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី៨ ខែមេសា ចិនបានថ្កោលទោសអនុប្រធានាធិបតីអាមេរិក លោក JD Vance ថា ជាមនុស្សឈ្លើយ និងគ្មានការយល់ដឹង បន្ទាប់ពីរូបលោកបាននិយាយថា ទីក្រុងវ៉ាស៉ីនតោនខ្ចីលុយពីអ្នកស្រែដូចជាចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «គោលជំហររបស់ប្រទេសចិន ជុំវិញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិក គឺត្រូវបានបង្ហាញចេញយ៉ាងច្បាស់លាស់។ វាជារឿងភ្ញាក់ផ្អើលនិងគួរឱ្យសោកស្តាយ ដែលបានលឺនូវពាក្យសម្តីបែបគ្មានការយល់ដឹង និងប្រមាថមើលងាយយ៉ាងដូច្នេះ ពីអនុប្រធានាធិបតីរូបនេះ (លោក Vance)»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែធ្វើឱ្យសេដ្ឋកិច្ចពិភពលោកក្រឡាប់ចាក់ តាមរយៈការប្រកាសវិធានការដ៏ចម្រូងចម្រាស ស្តីពីការដំឡើងពន្ធគយជាសកល។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអាមេរិក Fox News កាលពីសប្តាហ៍មុន លោក Vance បានថ្លែងការពារចំណាត់ការនោះ ថាជាថ្នាំបន្សាបសម្រាប់សេដ្ឋកិច្ចសកលភាវូបនីយកម្ម ដែលលោកអះអាងថា មិនផ្តល់ប្រយោជន៍សម្រាប់ប្រជាជនអាមេរិកទូទៅ។
លោកអនុប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងខ្ចីលុយពីអ្នកស្រែដូចជាចិន ដើម្បីទៅទិញរបស់របរនានា ដែលអ្នកស្រែចិនទាំងនោះផលិតឡើង។ នេះមិនមែនជារូបមន្ត សម្រាប់វិបុលភាពសេដ្ឋកិច្ចនោះឡើយ។ វាមិនមែនជារូបមន្តសម្រាប់តម្លៃទំនិញទាបទេ ហើយវាក៏មិនមែនជារូបមន្ត សម្រាប់ការងារល្អៗ នៅសហរដ្ឋអាមេរិកនោះដែរ»។
លោក ត្រាំ ផ្ទាល់ ជឿជាក់ថា វិធានការពន្ធគយរបស់លោក នឹងស្តារមកវិញនូវការបាត់បង់មូលដ្ឋានវិស័យកម្មន្តសាលរបស់អាមេរិក តាមរយៈការបង្ខំឱ្យក្រុមហ៊ុនអាមេរិក ត្រឡប់មកដំឡើងរោងចក្រ នៅក្នុងសហរដ្ឋអាមេរិកវិញ ជាជាងបន្តការផលិតទំនិញ នៅឯក្រៅប្រទេស។ យ៉ាងណាមិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ចភាគច្រើន បានដាក់មន្ទិលសង្ស័យចំពោះទស្សនៈនេះ ហើយយល់ថា វិធានការពន្ធគយរបស់លោក គឺធ្វើឡើងតាមតែចិត្តលោកនឹកឃើញ៕