(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ ៦៣៨ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៧​ ខែមេសា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៧ ក្នុងនោះក្រុមហ៊ុន Apple, Microsoft, និង Tesla បានជួបប្រទះនឹងការធ្លាក់ចុះនៅថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនផ្សេងទៀតនៅក្នុងក្រុមនៅតែមានស្ថិរភាព។ តែយ៉ាងណា Apple គឺជាក្រុមហ៊ុននាំមុខដែលធ្លាក់ចុះខ្លាំងជាគេបំផុត បើទោះបីជាក្រុមហ៊ុនយក្សនេះ មានផលិតកម្មនៅក្នុងប្រទេសឥណ្ឌា វៀតណាម និងថៃក៏ដោយ ប្រទេសទាំងនោះក៏ប្រឈមនឹងការបង្កើនពន្ធផងដែរ ដែលជាផ្នែកនៃផែនការបោសសម្អាតរបស់លោក Trump។

គួរជម្រាបថា នេះគឺជាដំណើរការដ៏អាក្រក់បំផុតរបស់ Apple ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ អ្នកវិភាគ UBS និយាយថា Apple ទំនងជានឹងត្រូវដំឡើងថ្លៃ ឬចំណាយលើពន្ធបន្ថែមទៀត នៅពេលកាតព្វកិច្ចថ្មីចូលជាធរមាន។ តាមការប៉ាន់ប្រមាណនៅថ្ងៃចន្ទនេះ តម្លៃ iPhone​​​ អាចឡើងថ្លៃប្រហែល​ ៣៥០ដុល្លារក្នុងមួយគ្រឿង​​​​ ឬប្រហែល ៣០% ពីតម្លៃបច្ចុប្បន្ន៕