(ប៉ារីស)៖ ក្រុមអ្នកតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារ ទី៨ ខែមេសាថា សីតុណ្ហភាពពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតមួយនៅក្នុងខែមីនា ដោយរយៈពេលដែលមានអាកាសធាតុក្តៅ អូសបន្លាយកាន់តែយូរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថាប័ន Copernicus Climate Change Service បានឱ្យដឹងថា នៅអឺរ៉ុប ខែមីនា ឆ្នាំនេះ ត្រូវបានកត់ត្រាថាជា ខែដែលក្តៅខ្លាំងបំផុត ជំរុញឱ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងតំបន់ ដែលក្តៅលឿនជាងកន្លែងផ្សេងទៀត។ ពិភពលោក ក៏បានមើលឃើញដែរថា ខែមីនា ជាខែដែលក្តៅបំផុតទីពីរ នៅក្នុងសំណុំទិន្នន័យរបស់ Copernicus ដោយរក្សាបាននូវកំណត់ត្រាក្តៅខ្លាំងដដែល ឬសីតុណ្ហភាពខ្ពស់ជិតបំបែកកំណត់ត្រា គិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។
ខែមីនា ឆ្នាំនេះ ស្ថិតនៅកម្រិត១.៦អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពកាលពីមុនសម័យឧស្សាហកម្ម ដែលជាការអូសបន្លាយក្នុងសភាពមិនធម្មតា ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រ នៅតែស្វែងរកការបកស្រាយឱ្យបានពេញលេញ។ លោកស្រី Friederike Otto មកពីវិទ្យាស្ថានសិក្សាអំពីបម្រែបម្រួលអាកាសធាតុ Grantham ក្នុងទីក្រុងឡុងដ៍ បានប្រាប់ AFP ថា «យើងមានជំហររឹងប៉ឹងក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសារមនុស្ស»។
គួរបញ្ជាក់ថា ក្រុមអ្នកតាមដានអាកាសធាតុរបស់ EU ប្រើប្រាស់ការវាស់វែងពីផ្កាយរណប នាវា យន្តហោះ និងស្ថានីយ៍អាកាសធាតុ ដើម្បីជួយដល់ការគណនាបាតុភូតអាកាសធាតុ ដោយចាយលុយអស់រាប់ពាន់លានដុល្លារ។ អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចុប្បន្ន ទំនងជាវេលាឡើងកំដៅផែនដីខ្លាំងបំផុត ក្នុងរយៈពេល ១២៥ ០០០ឆ្នាំចុងក្រោយ៕