(ប៉េកាំង)៖ សំដៅចំពោះទង្វើអនុត្តរភាពរបស់ភាគីអាមេរិកដែលដំឡើង "ពន្ធគយស្មើគ្នា” ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ភាគីចិនបានចេញផ្សាយ《គោលជំហររបស់រដ្ឋាភិបាលចិន ស្តីពីការប្រឆាំងនឹងការប្រើប្រាស់វិធានការពន្ធគយ យ៉ាងអនាធិបតេយ្យរបស់សហរដ្ឋអាមេរិក》កាលពីថ្ងៃទី៥ ខែមេសា។

ឯកសារដែលមានអក្សរជាង១ពាន់ បានលើកឡើងថា ភាគីអាមេរិកចាត់ទុកពន្ធគយជាអាវុធសម្រាប់ដាក់ សម្ពាធកម្រិតខ្ពស់បំផុត និងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាទង្វើប្រកបដោយឯកតោភាគីនិយម ការពារនិយមនិងអនុត្តរភាពខាងសេដ្ឋកិច្ច ដ៏សុទ្ធសាធ ហើយគូសបញ្ជាក់ថា ចិនមិនចង់បង្ករឿងហេតុតែក៏មិនខ្លាចរឿងអ្វីដែរ អនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម និងការបណ្តាក់ទុនកម្រិតខ្ពស់ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ក៏ដូចជាសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

ឆ្លងតាមរយៈឯកសារច្បាប់នេះ អ្នកផងទាំងពួងបានឃើញយ៉ាងច្បាស់លាស់ នូវអកប្បកិរិយារបស់ភាគីចិន ដែលប្រឆាំងនឹងអនុត្តរភាព និងប្រកាន់ខ្ជាប់សមភាពនិងសច្ចភាព។ ខណៈពេលបានត្អូញត្អែរថា ពិភពលោកទាំងមូល បានកេងចំណេញលើខ្លួនឯង ភាគីអាមេរិកបានមួលបង្កាច់ការពិតមួយដោយចេតនា ពោលគឺ សហរដ្ឋអាមេរិកទើបជាអ្នកទទួលបាន ផលប្រយោជន៍ដ៏ធំបំផុតពី ប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោក បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ សូមយកកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកជាឧទាហរណ៍ ចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៧៩មក សហរដ្ឋអាមេរិកទទួលបាន ផលប្រយោជន៍ជាច្រើន ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។

តាមទិន្នន័យ នៃនាយកដ្ឋានវិភាគសេដ្ឋកិច្ចរបស់អាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៣ ការនាំចេញសេវាកម្មអាមេរិកចំពោះប្រទេសចិន មានតម្លៃ៤ម៉ឺន៦ពាន់៧២០លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មសេវាកម្មចំពោះចិន គឺ២ម៉ឺន ៦ពាន់ ៥៧០លានដុល្លារអាមេរិក។ យ៉ាងណាមិញ ភាគីអាមេរិកទទួលបានចំណេញហើយ តែនៅតែអះអាងថាខ្លួនខាតបង់យ៉ាងច្រើន ដែលតែងតែគំរាមកំហែង និងឆបោកប្រទេសដទៃតាមរយៈពន្ធគយ ប៉ុនប៉ងព្យាយាមលះបង់ផលប្រយោជន៍ពិភពលោក ដើម្បីបម្រើអនុត្តរភាពអាមេរិក ។ “ទង្វើរបស់អាមេរិក គឺជាកំហុសចេញពីឭសគល់មួយ ដែលមានភាពលំអៀងនិងគ្មានមនោសញ្ចេតនា” “បំផ្លាញប្រព័ន្ធពាណិជ្ជកម្មសកល” “នឹងបង្កការវាយប្រហារដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទូទាំងពិភពលោក”។ល។

ប៉ុន្មានថ្ងៃកន្លងទៅនេះ សហភាពអឺរ៉ុប បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន អូស្ត្រាលី សិង្ហបុរី អាហ្វ្រិកខាងត្បូង និងកាណាដាជាដើមបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះការដំឡើងពន្ធគយ របស់អាមេរិកជាបន្តបន្ទាប់ ។ ឯកសារជាគោលជំហររបស់ភាគីចិន បានបង្ហាញយ៉ាងច្បាស់លាស់ថា កិច្ចការលើផ្ទៃអន្តរជាតិគួរត្រូវបានដោះស្រាយ ដោយមនុស្សគ្រប់គ្នា តាមរយៈការពិគ្រោះពិភាក្សា ហើយអនាគតនិងជោគវាសនារបស់ពិភពលោក គួរត្រូវបានក្តាប់ជាប់រួមគ្នា ដោយប្រទេសទាំងអស់”។ នេះបានឆ្លុះបញ្ចាំងពីបំណងរួមនៃសហគមន៍អន្តរជាតិ និងបង្ហាញពីគោលជំហរដ៏ជាប់លាប់របស់ភាគីចិន ដែលនិយាយសម្តីយុត្តិធម៌និងធ្វើរឿងយុត្តិធម៌ជាប់រហូតមក។

ប្រវត្តិសាស្ត្របានវិវឌ្ឍទៅមុខជាលំដាប់។ តើអ្នកណាជាអ្នកបំផ្លាញក្បួនច្បាប់អន្តរជាតិ អ្នកណាជាអ្នកគាំពារក្បួនច្បាប់អន្តរជាតិ? តើអ្នកណាធ្វើរឿងអាក្រក់ អ្នកណាធ្វើរឿងសច្ចធម៌? តើអ្នកណាកំពុងដើរបញ្ច្រាសនឹងនិន្នាការប្រវត្តិសាស្ត្រ អ្នកណាឈរ នៅប៉ែកត្រឹមត្រូវ នៃប្រវតិ្តសាស្ត្រ? ចម្លើយគឺច្បាស់លាស់ណាស់។ ពិភពលោកត្រូវការយុត្តិធម៌ មិនត្រូវការអនុត្តរភាពឡើយ ។ នេះជាការបង្ហាញយ៉ាងច្បាស់លាស់របស់ចិន ហើយក៏ជាសំឡេងរួមរបស់សហគមន៍អន្តរជាតិ ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន