(ប៉េកាំង)៖ ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើន បានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជា ការអភិវឌ្ឍបែបនវានុវត្តន៍ ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើត មានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិត ក្នុងបរិយាកាសសង្គមមួយប្រកបដោយ ភាពទំនើបនិងវៃឆ្លាត។ អាស្រ័យហេតុនេះ ពាក្យថា «បញ្ញាសិប្បនិម្មិត»(AI)បានក្លាយជាប្រធានបទក្តៅ នាពេលបច្ចុប្បន្ន ដែលយើងអាចនិយាយបានថា យុគសម័យ AI បានឈានចូលមកដល់ហើយ។
កាលពីពេលមុន យើងគិតថា AI ហាក់ដូចជានៅឆ្ងាយពីយើងណាស់ ប៉ុន្តែឥឡូវនេះ AI គឺស្ថិតនៅក្បែរខ្លួនរបស់យើងគ្រប់គ្នា ជាពិសេសគឺសម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅ និងក្នុងជីវិតការងារ ឧទាហរណ៍ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ រថយន្ត និងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះជាដើម សុទ្ធសឹងតែប្រកបដោយភាពវៃឆ្លាត។ យើងអាចនិយាយបានថា ការអភិវឌ្ឍនៃបច្ចេកវិទ្យា AI បានរួមចំណែកមិនអាចខ្វះបានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ជាពិសេស ក្នុងវិស័យសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតសំខាន់គឺការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានចែករំលែកសមិទ្ធផលទាំងនេះ ជាមួយបណ្តាប្រទេសលើពិភពលោក ។ ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា បច្ចុប្បន្ន ប្រទេសចិនបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសខ្លាំងខាងវិស័យអវកាស ដូចជាការបង្ហោះ យានអវកាសផ្ទុកមនុស្ស និងការយកសំណាកពីភពព្រះចន្ទជាដើម ។ ឯការយកសំណាកដីពីផ្ទៃខាងមុខនិងផ្ទៃម្ខាង នៃភពព្រះចន្ទរបស់យានអវកាសចិន គឺប្រតិបត្តិដោយមនុស្សយន្ត ដែលចុះចត និងប្រតិបត្តិដោយស្វ័យប្រវត្តិ គឺជាបច្ចេកវិទ្យា AI ដែលអាចវាស់ស្ទង់និងវិភាគទិន្នន័យយ៉ាងទៀងទាត់ ដែលធ្វើឱ្យប្រទេសចិនសម្រេច បាននូវសមិទ្ធផលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ដែលមនុស្សជាតិសិក្សាស្រាវជ្រាវអំពីភពព្រះចន្ទ។
ក្នុងវិស័យដែលប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ បច្ចេកវិទ្យា AI បានដើរតួនាទីកាន់តែសំខាន់។ ក្នុងការសិក្សាស្រាវជ្រាវ អំពីសមុទ្រជ្រៅ ប្រសិនជាមនុស្សយើងចុះទៅផ្ទាល់ នោះត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង តែបើប្រតិបត្តិដោយមនុស្សយន្ត AI នោះវាមិនត្រឹមតែមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែការប្រមូលយកទិន្នន័យក៏បានគ្រប់ជ្រុងជ្រោយ ជាងការប្រតិបត្តិ ដោយមនុស្សផងដែរ ។ បច្ចុប្បន្ន យានរុករកក្នុងសមុទ្រជ្រៅរបស់ចិន ដែលបំពាក់បច្ចេកវិទ្យា AI បានមុជទៅជម្រៅទឹក ១០៩០៩ ម៉ែត្រដែលជាជម្រៅជ្រៅបំផុតលើពិភពលោក នៃការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន ដែលបានរួមចំណែកយ៉ាងសំខាន់ សម្រាប់មនុស្សជាតិសិក្សាស្រាវជ្រាវ អំពីមហាសាគរដ៏អាថ៌កំបាំង។
ក្នុងវិស័យឧស្សាហកម្មនិងកម្មន្តសាល គេតែងសង្កេតឃើញថានៅតាមរោងចក្រ ឬរោងជាងជាច្រើននៃប្រទេសចិន គឺមានបំពាក់គ្រឿងចក្រប្រតិបត្តិដោយស្វ័យប្រវត្តិ ដែលពន្លឿនទាំងប្រសិទ្ធភាពការងារនិងសម្រួលដល់កម្លាំងពលកម្មរបស់មនុស្ស ។ ឧស្សាហកម្មធុនធ្ងន់ជាច្រើន ប្រសិនបើគ្មានការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទេ នោះនឹងជះឥទ្ធិពលដល់សមត្ថភាពផលិត និងសុវត្ថិភាពខាងផលិតកម្ម ។
បច្ចេកវិទ្យា AI ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ នៅក្នុងវិស័យសុខាភិបាលរបស់ប្រទេសចិន និងទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ ។ ការវះកាត់មួយចំនួន បានប្រើប្រាស់បច្ចេកវិទ្យា AI ដែលមិនត្រឹមតែអាចវះកាត់ យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអាចជួយកាត់បន្ថយផលប៉ះពាល់ខាងវិទ្យុសកម្ម ចំពោះគ្រូពេទ្យទៀតផង ដែលធ្វើឱ្យការវះកាត់ ដែលមានភាពស្មុគស្មាញជាច្រើន សម្រេចបានអត្រាជោគជ័យខ្ពស់ ។
ងាកមកជីវភាពរស់នៅវិញ គេសង្កេតឃើញថា បច្ចេកវិទ្យា AI បានត្រូវប្រើប្រាស់ក្នុងការដឹកជញ្ជូនអីវ៉ាន់ នៅតាមទីក្រុងមួយចំនួន របស់ប្រទេសចិន ដ្រូនដឹកជញ្ជូនបានដឹកអីវ៉ាន់ ទៅដាក់នៅទីតាំង ដែលអតិថិជនបានកំណត់ ហើយអតិថិជនគ្រាន់តែស្កេន QR កូដក៏អាចបើកយកកញ្ចប់អីវ៉ាន់។ ចំណែករថយន្តដែលមានបំពាក់បច្ចេកវិទ្យា AI អាចបើកបរដោយស្វ័យប្រវត្តិ , អាចបន្លឺសញ្ញាព្រមាន នៅពេលរថយន្តស្ថិតក្នុងគម្លាតគ្រោះថ្នាក់ , អាចរយ៉ែចូលចតដោយស្វ័យប្រវត្តិ ។ល។ ឯមនុស្សយន្ត ដែលបំពាក់បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនក្នុងប្រទេសចិន ដែលបានលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាកម្ម។
ជាច្រើនឆ្នាំកន្លងទៅនេះ ដ្រូនកសិកម្មនិងគ្រឿងយន្តកសិកម្មវៃឆ្លាត ត្រូវបានកសិករចិនប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាការស្រោចស្រព ដាក់ជី និងប្រមូលផលដំណាំជាដើម ដែលបានជួយសន្សំសំចៃ កម្លាំងរបស់កសិករនិងលើកកម្ពស់ ប្រសិទ្ធភាពនៃការបង្កបង្កើនផល ។
ក្រៅពីនេះ កម្មវិធី AI ដែលដំឡើងក្នុងទូរស័ព្ទដៃនិងកុំព្យូទ័របានផ្តល់ ជាជំនួយសម្រាប់ការស្រាវជ្រាវ , ការបង្រៀន និងការសិក្សាជាដើម គឺជាដៃគូដ៏ឆ្លាតវៃដែលអាចផ្តល់ជាការស្រាយពន្យល់ដ៏ក្បោះក្បាយ ព្រមទាំងការបំផុសគំនិត តាមរយៈឯកសារយោងដ៏ច្រើនសន្ធឹក។
ជាការពិតណាស់ ស្របនឹងការវិវឌ្ឍរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរក៏បានកើតមានជារៀងរាល់ថ្ងៃ ដែលនាំមកនូវភាពទំនើបទាន់សម័យ និងភាពងាយស្រួលសម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង ។ យើងអាចរំពឹងទុកថា ការអភិវឌ្ឍនៃ «ឧស្សាហកម្មនៅពេលអនាគត» របស់ចិន នឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត ជូនដល់ប្រជាជនចិនក៏ដូចជាសង្គមមនុស្សជាតិទាំងមូល៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន