(ប៉េកាំង)៖ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកប្រកាសគោលនយោបាយពន្ធគយថ្មីនៅថ្ងៃទី ២ ខែមេសាមក បានរងការប្រឆាំងនិងរិះគន់ ពីបណ្តាភាគីនានានៅទូទាំងពិភពលោក ទីផ្សារហិរញ្ញវត្ថុ ទូទាំងពិភពលោក ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរកើតមាន ភាពរង្គោះរង្គើយ៉ាងខ្លាំង។ គោលនយោបាយពន្ធគយថ្មីរបស់អាមេរិក មិនត្រឹមតែ បានបំផ្លាញដល់ផលប្រយោជន៍របស់ ប្រទេសផ្សេងទៀតប៉ុណ្ណោះ ថែមទាំងក៏បាននាំមកនូវឥទ្ធិពលអវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចជាតិនិងផលប្រយោជន៍របស់ ប្រជាជនអាមេរិកផងដែរ។
អាមេរិកបានប្រកាសថា ការអនុវត្ត “ពន្ធគយស្មើគ្នា” គឺដើម្បីកែតម្រូវសភាពការណ៍ដែលអាមេរិករង ការខាតបង់ ក្នុងពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពាក្យសំដីនេះគឺគ្មានទីសំអាងអ្វីទាល់តែសោះ។ ពាក្យសំដីរបស់អាមេរិកដែលហៅថា “រងការខាតបង់” មិនអើពើនឹងលទ្ធផលតុល្យភាពផលប្រយោជន៍ ដែលកិច្ចចរចាពាណិជ្ជកម្មពហុភាគីបានឈានដល់ ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយក៏មិនអើពើនឹងការពិតជាក់ស្ដែង ពោលគឺអាមេរិកទទួលបានផលប្រយោជន៍យ៉ាងច្រើនពី ពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំ។
ដូច្នេះ តាមពិតទៅ តក្កវិទ្យារបស់ “ពន្ធគយស្មើគ្នា” របស់អាមេរិក គឺប្រើអំណាចអនុត្តរភាពជិះជាន់អ្នកទន់ខ្សោយ យកឯកតោភាគីជំនួសពហុភាគី ដែលជាអនុត្តរភាពលើពន្ធគយដ៏សុទ្ធសាធ ។ ដូចទស្សនាវដ្តី «The Economist» របស់អង់គ្លេសបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក កំពុងដើរត្រឡប់ថយក្រោយទៅរកសតវត្សរ៍ទី១៩វិញ គោលនយោបាយនេះ បានមើលរំលងពី ភាពរុងរឿងថ្កុំថ្កើង មិនធ្លាប់មានរបស់អាមេរិក។
ទាក់ទិននឹងអ្វីដែលហៅថា គោលនយោបាយ “ពន្ធគយស្មើគ្នា”របស់អាមេរិក ប្រទេសចិនបានចាត់វិធានការតបតវិញ ដ៏ចាំបាច់ភ្លាមៗ ដើម្បីគាំពារយ៉ងមុតមាំ នូវផលប្រយោជន៍ស្របច្បាប់ និងសិទ្ធិអភិវឌ្ឍន៍របស់ខ្លួន។ គោលជំហររបស់ចិន អំពីសង្គ្រាមពាណិជ្ជកម្មគឺជាប់លាប់និងជាក់លាក់ ពោលគឺចិនមិនចង់ប្រយុទ្ធ តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ នៅពេលដ៏ចាំបាច់ ត្រូវចេញប្រយុទ្ធដោយខានពុំបាន។ អាមេរិកដាក់ចេញអ្វីដែលហៅថា វិធានការ “ពន្ធគយស្មើគ្នា” ចិនច្បាស់ជា អនុវត្តវិធានការតបតវិញស្មើគ្នាជាមិនខាន។
ប្រទេសចិនបានដាក់ពាក្យបណ្ដឹងទៅកាន់ យន្តការដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក។ ទង្វើរបស់អាមេរិក បានល្មើសនឹងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក បានបង្ខូចដល់សិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ សមាជិកផ្សេងទៀត បានបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានច្បាប់កំណត់ជាមូលដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិ លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏បានបំផ្លាញដល់ស្ថិរភាព នៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលទៀតផង។
ក្នុងក្របខណ្ឌពិភពលោក គោលនយោបាយ “ពន្ធគយស្មើគ្នា” របស់អាមេរិក រងការធ្វើពហិការការយ៉ាងទូលំទូលាយ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានព្រមានថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងគោលនយោបាយ “ពន្ធគយស្មើគ្នា” ថ្មីរបស់អាមេរិក ហើយដាស់តឿនអាមេរិកដោះស្រាយកង្វល់ តាមរយៈកិច្ចសន្ទនា។ លោកស្រី Karin Keller-Sutter ប្រធានសហព័ន្ធស្វ៊ីសបានលើកឡើងថា ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក្នុងរយៈពេលយូរសំខាន់បំផុត ការគោរពច្បាប់អន្តរជាតិនិងសេរីភាពពាណិជ្ជកម្មនៅតែជាតម្លៃស្នូល ។ រដ្ឋាភិបាលប្រេស៊ីល បានថ្លែងថា កំពុងវាយតម្លៃចំពោះសកម្មភាព ដែលអាចធ្វើបានទាំងអស់ ដើម្បីធានាផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្នុងពាណិជ្ជកម្មទ្វេភាគី ក្នុងនោះបូករួមទាំងដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មសកលលោក ដើម្បីគាំពារផលប្រយោជ៍ ស្របច្បាប់របស់ប្រទេសជាតិ។
សូមបញ្ជាក់ថា ការអភិវឌ្ឍជាសិទ្ធិទូទៅរបស់បណ្តាប្រទេសនានាលើពិភពលោក មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ ប្រទេសមួយចំនួនតូចឡើយ។ កិច្ចការផ្ទៃអន្តរជាតិ ត្រូវពិគ្រោះពិភាក្សារួមដោយបណ្តាប្រទេសនានា ជោគវាសនារបស់សកលលោក ត្រូវក្តាប់ជាប់ដោយបណ្តាប្រទេសនានាផងដែរ។ ដាស់តឿនអាមេរិកប្រញាប់កែតម្រូវទង្វើខុសឆ្គង ធ្វើពិគ្រោះពិភាក្សាស្មើគ្នា ជាមួយដៃគូពាណិជ្ជកម្ម ក្នុងន័យដោះស្រាយវិវាទដោយសមស្រប និងផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ជូន ដល់ប្រជាជននៃប្រទេសនានា៕
វិទ្យុមិត្តភាពកម្ពុជាចិន