(បាងកក)៖ ថៃបានប្រកាសនៅថ្ងៃអង្គារថា នឹងបង្កើនការទិញទំនិញពីសហរដ្ឋអាមេរិក ក៏ដូចជាកាត់បន្ថយពន្ធខ្ពស់មួយចំនួនលើទំនិញអាមេរិក និងដោះស្រាយបញ្ហាមិនមែនជាពន្ធ ដើម្បីស្វែងរកលក្ខខណ្ឌចរចាកាន់តែប្រសើរ លើពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានថ្លែង ដែលបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ពន្ធ ៣៦% ត្រូវបានដាក់លើប្រទេសថៃដែលជាសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងចំណោមអត្រាពន្ធខ្ពស់បំផុត ដែលដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយខ្ពស់ជាងការរំពឹងទុករបស់មន្ត្រីថៃ។
លោក Pichai Chunhavajira ដែលនឹងដឹកនាំការចរចារបស់ថៃបាននិយាយថា ថៃមិនប្រញាប់ប្រញាល់ធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ការចរចានោះទេ ដោយសារសំណើនេះត្រូវការពេលវេលាដើម្បីរៀបចំ។ លោកបានបន្ថែមថា ថៃនឹងស្វែងរកតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏បាននិយាយដែរថា កិច្ចប្រជុំរវាងតំណាងពាណិជ្ជកម្មថៃ និងអាមេរិកត្រូវបានបញ្ជាក់ហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ លោកស្រីបានណែនាំអ្នកនាំចេញថៃឲ្យស្វែងរកទីផ្សារថ្មីៗដើម្បីកាត់បន្ថយហានិភ័យ និងបានសន្យាថារដ្ឋាភិបាលនឹងមានវិធានការបន្ធូរបន្ថយសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយពន្ធគយ។
លោក Pichai បានព្រមានថា ពន្ធនេះអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ មុនពេលការប្រកាសពន្ធដ៏ខ្ពស់នេះ រដ្ឋាភិបាលបានកំណត់គោលដៅកំណើន ៣% នៅឆ្នាំនេះ បន្ទាប់ពីមានកំណើន ២,៥% កាលពីឆ្នាំមុន ដែលជាអត្រាទាបជាងប្រទេសជិតខាងភាគច្រើន។
រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិកបន្ថែមទៀត ដូចជា ពោត សណ្តែកសៀង ប្រេងឆៅ អេតាណុល ឧស្ម័នធម្មជាតិរាវ យានយន្ត និងគ្រឿងអេឡិចត្រូនិក និងយន្តហោះ ហើយនឹងពិនិត្យមើលច្បាប់ស្តីពីការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំនួន ៣៥,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលទីក្រុងវ៉ាស៊ីនតោនមានឱនភាពពាណិជ្ជកម្មជាមួយថៃចំនួន ៤៥,៦ ពាន់លានដុល្លារ៕