(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានចាប់ខ្លួនបុរសជនជាតិចិនពីរនាក់ ដែលកំពុងប្រយុទ្ធនៅខាងរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលអាចបង្កជាការព្រួយបារម្ភដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលកំពុងផុយស្រួយនៅក្នុងសង្រ្គាមរយៈពេលបីឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ ២០២៥។

ទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងមូស្គូ ប៉ុន្តែមិនមានព័ត៌មានជាសាធារណៈណាមួយបង្ហាញថា ពួកគេបានផ្តល់ជំនួយដោយផ្ទាល់ដល់ការឈ្លានពានទ្រង់ទ្រាយធំរបស់វិមានក្រឹមឡាំងនោះទេ។

នៅក្នុងសារបង្ហោះនៅលើ X លោក Zelenskiy បានភ្ជាប់ជាមួយវីដេអូរបស់បុរសម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ដោយលោកបានបញ្ជាក់ថា ទីក្រុងកៀវមាន «ព័ត៌មានដែលបង្ហាញថា មានពលរដ្ឋចិនជាច្រើននាក់ទៀតកំពុងស្ថិតនៅក្នុងអង្គភាពកាន់កាប់» ហើយលោកបានបញ្ជាឱ្យមន្ត្រីរបស់លោកស្វែងរកការឆ្លើយតបពីទីក្រុងប៉េកាំងលើបញ្ហានេះ។

ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ទោះជាយ៉ាងណា លោកZelenskiy មិនបាននិយាយថា តើអ៊ុយក្រែនជឿថាបុរសទាំងនោះ កំពុងប្រតិបត្តិការតាមការបញ្ជាពីទីក្រុងប៉េកាំងឬអត់នោះទេ៕