(ប៉េកាំង)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងការចាត់វិធានការសងសឹកវិញភ្លាមៗប្រឆាំងការយកពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនសារមួយយ៉ាងច្បាស់ឱ្យពិភពលោក បានដឹងថា៖ «ប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើសង្រ្គាមពាណិជ្ជកម្ម ចិននឹងកំដររហូតដល់ទីបញ្ចប់»។ ក្រោយចាត់វិធានការឆ្លើយតបដោយត្រឹមកំណត់គោលដៅជាក់លាក់ ក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ និងអំពាវនាវឱ្យមាន កិច្ចសន្ទនា ចិនបានបញ្ជូនសញ្ញាថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី៤ ខែមេសា តាមរយៈការប្រកាសយកពន្ធសងសឹកលើសហរដ្ឋអាមេរិកវិញ។ មិនតែប៉ុណ្ណោះ សូម្បីតែកាសែតផ្លូវការរបស់ គណបក្សកុម្មុយនិស្ដចិនក៏បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៧ ខែមេសាដែរថាទីក្រុងប៉េកាំងលែងសង្ឃឹមទុកជាមុនទៀតហើយចំពោះការសម្រេចបានកិច្ចព្រមព្រៀងមួយ បើទោះជាខ្លួនបើកចំហទ្វារសម្រាប់កិច្ចចរចាក៏ដោយ។
ការសងសឹករបស់ចិនទៅនឹងការយកពន្ធរបស់លោក ត្រាំ បានអង្រួនទីផ្សារពិភពលោក ហើយកាន់តែបង្កើនស្ថានការណ៍មិនច្បាស់លាស់ ខណៈក្រុមអ្នកវិនិយោគកំពុងត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់ និងសង្រ្គាមពាណិជ្ជកម្ម យូរអង្វែងមួយ។ លោក ត្រាំ បានធ្វើឱ្យការព្រួយបារម្ភនេះកើនឡើងរឹតតែខ្លាំង កាលពីថ្ងៃទី៧ ខែមេសា ជាមួយការសម្លុតគំរាមយកពន្ធបន្ថែម ៥០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីចិន ប្រសិនបើទីក្រុងប៉េកាំងមិនព្រមបោះបង់ ចោលការយកពន្ធសងសឹកលើសហរដ្ឋអាមេរិកទេនោះ។ កាន់តែអស្ចារ្យទៅទៀត លោក ត្រាំ ថែមទាំងគំរាមទៀតផងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថាអាមេរិកអាចនឹងផ្អាករាល់កិច្ចពិភាក្សា និងកិច្ចចរចា នៅពេលអនាគតជាមួយចិន ប្រសិនបើប៉េកាំងមិនព្រមធ្វើសកម្មភាពលុបចោលការសងសឹកពន្ធនៅប៉ុន្មានថ្ងៃខាងមុខនេះទេនោះ។ ពន្ធ៥០ភាគរយដែលលោក ត្រាំ គំរាមដាក់លើចិន គឺជាពន្ធបន្ថែមលើពន្ធ ៣៤ភាគរយដែលលោក ត្រាំ បានប្រកាសអនុវត្តលើទំនិញទាំងអស់នាំចូលពីចិនដែលនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៩ ខែមេសា រួមទាំងពន្ធ ២០ភាគរយដែលប្រធានាធិបតីអាមេរិករូបនេះបានដាក់លើចិនពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងទប់ស្កាត់ការនាំចូលថ្នាំញៀន fentanyl ចូលក្នុងសហរដ្ឋអាមេរិក។
* ទះខ្ញុំមួយកំផ្លៀង
លោក ស៊ី ជីនពីង បានអំពាវនាវឱ្យពង្រឹងកិច្ចប្រឹងប្រែងបញ្ចេញទាំងស្រុងនូវសក្តានុពលនៃការប្រើប្រាស់នៅក្នុងប្រទេសចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ មេដឹកនាំចិនបាននិយាយថាការពង្រឹងការប្រើប្រាស់ ការបង្កើនតម្រូវការ នៅក្នុងស្រុក និងការពង្រឹងការវិនិយោគប្រកបដោយប្រសិទ្ធភាព គឺស្ថិតនៅក្នុងរបៀបវារៈកំពូលៗរបស់ចិន។ នេះបើតាមសេចក្ដីរាយការណ៍ចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃទី៧ ខែមេសា ដោយមិនបានបង្ហើបឱ្យ ដឹងថាតើលោក ស៊ី ជីនពីងធ្វើការអំពាវនាវបែបននេះតាំងពីពេលណា ឬនៅទីណានោះទេ? លោកបណ្ឌិត Wu Xinbo ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីសហរដ្ឋអាមេរិកនៃសាកលវិទ្យាល័យ Fudan University មាន មូលដ្ឋានក្នុងទីក្រុងសៀងហៃ បានកត់សម្គាល់ដោយចង់បញ្ជាក់ពីជំហររបស់ចិនថា «យើងជឿជាក់ថានៅមុនពេលដែលយើងត្រូវអង្គុយចរចាស្វែងរកកិច្ចព្រមព្រៀង យើងត្រូវតែប្រយុទ្ធជាមុនសិន ពីព្រោះភាគីម្ខាងទៀតទាមទារចង់ ប្រយុទ្ធមុន»។ នៅពេលនិយាយពីលទ្ធភាពនៃជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង លោក Wu បានបន្ថែមថា «អ្នកទើបតែទះខ្ញុំមួយកំផ្លៀង ដូច្នេះខ្ញុំនឹងមិនហៅទូរស័ព្ទជាមួយអ្នក ដើម្បីសូមទោសអ្នកនោះទេ»។
* សម្ពាធ និងមុខមាត់
ការកើនឡើងភាពតានតឹងសព្វថ្ងៃ បានធ្វើឱ្យលទ្ធភាពនៃការរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ស្ថិតនៅក្នុងភាពស្រពេចស្រពិល ឬទំនងជានឹងមិនអាចកើតឡើងទេក្នុងពេលដ៏ខ្លីខាងមុខ។ លោក ត្រាំ មិនបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីងឡើយ ចាប់តាំងពីត្រឡប់ទៅដឹកនាំសេតវិមានវិញ ដែលនេះបានធ្វើឱ្យរូបលោកក្លាយជាប្រធានាធិបតីអាមេរិកម្នាក់ដែលបានចំណាយពេលយូរបំផុត ដោយមិននិយាយរក សមភាគីចិនរបស់លោក ក្រោយស្បថចូលកាន់តំណែង ក្នុងរយៈពេល២០ឆ្នាំមកនេះ។ ត្រង់ចំណុចនេះ លោក Craig Singleton ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការ Foundation for Defence of Democracies យល់ថា «លោក ត្រាំ និងលោក ស៊ី ជីនពីង សុទ្ធតែកំពុងស្ថិតក្នុងសម្ពាធ និងចង់រក្សាមុខមាត់រៀងៗខ្លួន។ ពោលគឺបញ្ហានៅត្រង់ថាប្រសិនបើលោក ស៊ី ជីនពីង បដិសេធបើកកិច្ចពិភាក្សាជាមួយលោក ត្រាំ សម្ពាធនឹងកាន់តែកើនឡើង។ តែប្រសិនបើ លោកចង់ ឬព្រមចរចាលឿនពេក នោះលោកអាចនឹងត្រូវបានគេមើលឃើញថាជាមេដឹកនាំទន់ខ្សោយ»។
* ចិនត្រៀមលក្ខណៈទុកមុន
ក្រុមអ្នកជំនាញជាច្រើនបាននិយាយថាចិនបានត្រៀមលក្ខណៈទុកជាមុនរួចទៅហើយដើម្បីប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្ម 2.0 របស់លោក ត្រាំ ហើយប៉េកាំងមានជម្រើសជាច្រើនដែលអាចនឹងយកមកប្រើ ប្រសិនបើភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែអាក្រក់ឡើង។ ក្នុងនោះចិនអាចនឹងប្រើវិធីសាស្ត្រដូចក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ក្រោមអាណត្តិទី១ របស់លោក ត្រាំ រួមមានការបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីបន្សាបផលប៉ះពាល់ពីការយក ឬដំឡើងពន្ធគយ រឹតត្បិតការគ្រប់គ្រងលើការនាំចេញលើរ៉ែសំខាន់ៗ ឬក៏បង្កើនការដាក់សម្ពាធលើបណ្ដាក្រុមហ៊ុនអាមេរិកដែលកំពុងរកស៊ីនៅក្នុងប្រទេសចិន។ ព្រមពេលជាមួយគ្នា ចិនអាចនឹងប្រើប្រាស់អំណាចការទូតរបស់ខ្លួន ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាមួយបណ្ដាប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ កាលពីខែមីនាកន្លងទៅ ក្រុមមន្ត្រីពាណិជ្ជកម្មចិន ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាអំពាវនាវឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ។ អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្រុចសែល កាលពីពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Liao Min បានបង្ហាញពីឆន្ទៈចង់ធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយ ស្ថានទូតចិនប្រចាំទីក្រុងអូតាវ៉ា ក៏បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះអំពីភាពជាដៃគូជាមួយកាណាដាផងដែរ។
លោក ស៊ី ជីនពីង ត្រូវបានរាយការណ៍ថានឹងធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែមេសានេះ។ ប៉េកាំងទំនងជានឹងតាមឃ្លាំមើលថាតើបណ្ដាប្រទេសដូចជា កម្ពុជា ម៉ាឡេស៊ី និងវៀតណាមអាចនឹងផ្ដល់អ្វីខ្លះឱ្យសហរដ្ឋអាមេរិក ដើម្បីដោះដូរជាមួយការបន្ធូរបន្ថយពន្ធ និងថាតើសកម្មភាពរបស់ប្រទេសទាំងនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ចិន ដែរឬក៏អត់? តែទោះជាកំពុងប្រឈមមុខនឹងសម្ពាធក៏ដោយ វានៅមិនទាន់មានសញ្ញាច្បាស់ៗថាចិននឹងផ្ដាច់ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ ចិនកំពុងពង្រឹងគោលជំហរ និងត្រៀមខ្លួនទប់ទល់នឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈរក្សាជម្រើសនៅពេលអនាគតឱ្យបើកចំហជានិច្ច។ «ចិនចង់បញ្ជូន សារទៅកាន់សហរដ្ឋអាមេរិកថាខ្លួននឹងមិនចុះញ៉មចំពោះការសម្លុតគំរាមឡើយ ហើយមានឆន្ទៈរក្សាជំហរយ៉ាងរឹងមាំ»។ នេះជាការលើកឡើងរបស់លោក Henry Gao ជាសាស្ត្រាចារ្យច្បាប់ម្នាក់មកពីសាកលវិទ្យាល័យ Singapore Management University។
គួរបញ្ជាក់ថា តាមក្រុមអ្នកជំនាញ ចិនសព្វថ្ងៃបានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ដើម្បីធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បើធៀបទៅនឹងសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ កាលពីអាណត្តិទី១ ក្រោយសិក្សារៀនសូត្រ អស់ពេលជាង ៨ឆ្នាំមកនេះ។ ចិនបានព្យាយាមកសាងបណ្ដាញដៃគូពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកទាំងការនាំចូល និងនាំចេញ។ លោក Wang Yiwei ជាសាស្ត្រាចារ្យខាង ទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យ Renmin University និងជាអតីតមន្ត្រីការទូតចិនម្នាក់ បាននិយាយថា «ចិនប្រហែលជាកំពុងរំពឹងថាកិច្ចប្រឹងប្រែងរបស់លោក ត្រាំ អាចនឹងថមថយសន្ទុះក្នុងពេលឆាប់ៗ។ ដោយលើកឡើងពី សុភាសិតចិន សាស្ត្រាចារ្យរូបនេះបានបន្ថែមថា «ជាធម្មតា កងទ័ពតែងតែមានស្មារតីប្រយុទ្ធខ្លាំងបំផុតនៅពេលលឺសូរសំឡេងវាយស្គរប្រយុទ្ធលើកទី១ តែស្មារតីប្រយុទ្ធបែបនេះអាចនឹងថមថយមកវិញ នៅពេលស្គរប្រយុទ្ធលើកទី២ បន្លឺសំឡេងឡើង»។
ធនាគារពិភពលោកធំៗក្នុងនោះរួមមាន UBS Group, Goldman Sachs Group និង Morgan Stanley បានព្រមានថាការយកពន្ធគយរបស់លោក ត្រាំ អាចនឹងបង្កើនការដាក់សម្ពាធលើសេដ្ឋកិច្ចចិន ដែលត្រូវបានគេព្យាកររួចទៅហើយថានឹងមានកំណើនតិចតួចក្នុងឆ្នាំ២០២៥នេះ៕