(CNN): ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ។ នេះបើយោងតាម អ្នកនាង Karoline Leavitt នាយករដ្ឋបាលព័ត៌មានរបស់សេតវិមាន បានប្រកាសនៅថ្ងៃអង្គារ៍នេះ ចេញផ្សាយសារព័ត៌មាន CNN យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

ទំនិញទាំងអស់មកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ១០៤%។

សូមជំរាបថា កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែឡើងកម្ដៅ។

ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួន លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នៅពេលនេះ សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤%៕