(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែមេសាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត​ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា​នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Pete Hegseth ធ្វើការកត់សម្គាល់បែបនេះ អំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា។ លោក Hegseth គឺជាមន្ត្រីជាន់ខ្ពស់ទី២របស់សហរដ្ឋអាមេរិកដែលបានធ្វើទស្សនកិច្ចនៅប៉ាណាម៉ា ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក ហើយបានសន្យាថានឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថាជា ការកើនឡើងឥទ្ធិពលចិននៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។ នៅក្នុងសុន្ទរកថាមួយនៅស្ថានីយប៉ូលិសមួយមានទីតាំងនៅឯច្រកចូលនៃព្រែកជីកប៉ាណាម៉ា លោក Hegseth បានលើកឡើងថា «ឥលូវនេះ ព្រែកជីកប៉ាណាម៉ា កំពុងប្រឈមមុខនឹងការគំរាមកំហែង។ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យចិនកុម្មុយនិស្ដ ឬបណ្ដាប្រទេសដទៃទៀតបង្កការគំរាមកំហែងដល់ប្រតិបត្តិការ ឬបូរណភាពនៃព្រែកជីក មួយនេះនោះទេ»

ស្ថានទូតចិនប្រចាំប្រទេសប៉ាណាម៉ា បានចេញសេចក្ដីថ្លែងការណ៍មួយដោយច្រានចោលការអត្ថាធិប្បាយរបស់លោក Pete Hegseth ដែលចោទថាចិនកំពុងលូកលាន់ក្នុងប្រតិបត្តិការរបស់ព្រែកជីក ប៉ាណាម៉ា។ ស្ថានទូតចិន ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការសម្លុតគំរាមផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pete Hegseth ទៅកាន់ប្រទេសប៉ាណាម៉ា ធ្វើឡើងតែជាង២ខែ ប​ន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ ក្រោយ ទស្សនកិច្ចរបស់លោក Rubio រដ្ឋាភិបាលប៉ាណាម៉ាស្រាប់តែប្រកាសពីការដកខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង៕