(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃពុធ ទី៩ ខែមេសា ថាលោកនឹងលាលែងចេញពីតំណែងជាប្រធានបក្ស នៅចំពោះមុខការរំពឹងថារូបលោកអាចនឹងប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនំាគណបក្ស លោក Lee បានគូសបញ្ជាក់ថា «ខ្ញុំនឹងចាប់ផ្ដើមការងារថ្មីចាប់ពីពេលនេះតទៅ»។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ឬក៏ទទួលស្គាល់ថារូបលោកនឹងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីដែរឬក៏យ៉ាងណានោះទេ? លោក Lee មានអាយុ ៦១ឆ្នាំ បានបរាជ័យក្រោមថ្វីដៃរបស់លោក Yoon Suk Yeol ក្នុងសំឡេងប្រកៀកប្រតិកគ្នា នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ឆ្នាំ២០២២។ តែកាលពីឆ្នាំ២០២៤ លោក Lee បានដឹកនាំគណបក្សប្រជាធិបតេយ្យឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភា។ ផ្ទុយពីគណបក្សប្រជាធិបតេយ្យ គណបក្សអំណាចប្រជាជន (People Power Party) មានជម្រើសច្រើនក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួន ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soon និងចៅហ្វាយក្រុងសេអ៊ូលជាដើម។

ប៉ុន្តែ មកទល់នឹងពេលនេះ ការស្ទង់មតិបានបង្ហាញថាលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពខ្លាំងជាងគេ ហើយអាចនឹងក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ ប្រសិនបើរូបលោកប្រកាស ឈរឈ្មោះ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនាខាងមុខ បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤៕