(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍នៅថ្ងៃពុធ ទី៩ ខែមេសា ថាមនុស្ស២០នាក់បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង ស្ថិតនៅភាគខាងជើងនៃ ប្រទេសចិន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាម Xinhua អគ្គិភ័យខាងលើបានឆាបឆេះនៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអង្គារ (ម៉ោងនៅប្រទេសចិន) នៅឯមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅក្នុងតំបន់ Longhua នៃខេត្ត Hebei ស្ថិតនៅ ភាគខាងជើងប្រទេសចិន ចម្ងាយប្រហែល១៨០គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង។ រហូតដល់ម៉ោង ៣៖០០ទៀបភ្លឺ នៅថ្ងៃពុធនេះ ទើបអាជ្ញាធរចិនអាចបញ្ជាក់បានថាមានមនុស្ស២០នាក់បានស្លាប់។ «មនុស្សចាស់ផ្សេង ទៀតនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរកន្លែងហេតុ ដើម្បីត្រួតពិនិត្យសុខភាព និងទទួលការព្យាបាល»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។
គួរបញ្ជាក់ថា ភ្លាមៗ មូលហេតុនៃគ្រោះអគ្គិភ័យខាងលើមិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕