(តូក្យូ)៖ ដោយទំនងជាចង់ប្រៀបធៀបអំណាចក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយនៅក្នុងប្រទេសជប៉ុនថា ការកសាងកងកម្លាំងប្រដាប់អាវុធ ការវិនិយោគក្នុងឧស្សាហកម្មការពារជាតិ និងសមត្ថភាពការពារជាតិរបស់ចិន គឺពិតជាគួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ ២០២៥។
ការអត្ថាធិប្បាយនេះកើតមានឡើងនៅពេលដែល លោក Rutte ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹក Yokosuka និងអ្នកម៉ៅការផលិតអាវុធរបស់ជប៉ុន កាលពីថ្ងៃអង្គារសប្តាហ៍នេះ មុនពេលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani ដើម្បីអំពាវនាវរកកិច្ចសហប្រតិបត្តិការបន្ថែម។ នៅពេលជួបលោក Nakatani លោក Rutte គូសបញ្ជាក់ថា «ណាតូ និងជប៉ុនបានរួមចំណែក ហើយប្រឈមមុខចំពោះបញ្ហាច្រើនដូចគ្នា។ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងជប៉ុន និងណាតូ គឺមានភាពចាំបាច់ ក្នុងពេលដែលពិភពលោកមានគ្រោះថ្នាក់ជាងមុន»។ ចំណែកលោក Nakatani កបាននិយាយថា ជប៉ុនកំពុងឈានទៅរកគម្រោងរយៈពេលច្រើនឆ្នាំ ដើម្បីបង្កើនការចំណាយផ្នែកយោធារបស់ខ្លួនឱ្យបានទ្វេដង ឆ្លើយតបទៅនឹងការកើនឡើងនូវការគំរាមកំហែង។
គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ប្រមុខនៃអង្គការណាតូ ត្រូវជួបនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba នាថ្ងៃពុធនេះ។ វាក៏បានកើតមានឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កើនសម្ពាធលើសមាជិកណាតូ ឱ្យជំរុញការចំណាយលើវិស័យការពារជាតិ៕