(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយចំអកឡកឡឺយដាក់ មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលរូបលោកបានប្រកាសដាក់ចេញជាសកល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC។
ក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយដូច្នេះថា «ប្រទេសទាំងនេះ កំពុងនាំគ្នាស្ទុះស្ទាទាក់ទងមកយើង ដើម្បីព្យាយាមយកចិត្តយកថ្លើមខ្ញុំ» ហើយលោកថែមទាំង ប្រើពាក្យថា «kissing my ass» ទៀតផង ស្របពេលដែលប្រធានាធិបតីអាមេរិករូបនេះ សើចចំអកដាក់មេដឹកនាំពិភពលោកទាំងឡាយ ដែលព្យាយាមចង់ចរចារឿងពន្ធគយ ជាមួយសហរដ្ឋអាមេរិក។ លោក ត្រាំ បានអះអាងបន្ថែមថា ប្រទេសទាំងនោះ ដែលចង់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក បាននិយាយដូច្នេះទៀតថា «ខ្ញុំសូមអង្វរលោក ចូរចរចាគ្នារកកិច្ចព្រមព្រៀងទៅ។ ខ្ញុំនឹងព្រមធ្វើគ្រប់យ៉ាងតាមលោក អ្វីក៏ដោយ»។
គួរបញ្ជាក់ថា បើតាមតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ប្រធានាធិបតី ដូណាល់ ត្រាំ គ្មានបំណងផ្តល់ ការលើកលែងពិសេស ឬការយោគយល់ណាមួយឡើយ យ៉ាងហោចក្នុងរយៈពេលខ្លីខាងមុខ ខណៈនៅថ្ងៃពុធនេះ ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់៥០ភាគរយ របស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក សរុបជិត៦០ប្រទេស បានចូលជាធរមានជាផ្លូវការ ហើយទន្ទឹមគ្នានោះ ដោយសារតែការដំឡើងពន្ធសងសឹកតបតទៅវិញរបស់ទីក្រុងប៉េកាំង ប្រទេសចិន ត្រូវទទួលរងការយកពន្ធក្នុងអត្រា សរុបយ៉ាងហោចរហូតដល់១០៤ភាគរយ ពីអាមេរិកទៅលើទំនិញរបស់ខ្លួន។ រីឯកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ការកំណត់ពន្ធគយក្នុងអត្រាគោល ១០ភាគរយ លើប្រទេសដទៃទៀត ក៏បានចូលជាធរមានផងដែរ៕