(សិង្ហបុរី)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា លទ្ធផលនៃការស្ទង់មតិមួយ បានបង្ហាញថា ប្រជាជនសិង្ហបុរីភាគច្រើន មិនទាន់បានសម្រេចចិត្តនៅឡើយទេថា តើនឹងត្រូវបោះឆ្នោតឱ្យគណបក្សនយោបាយមួយណា មុនការបោះឆ្នោតសកល ដែលគ្រោងរៀបចំឡើងក្នុងឆ្នាំនេះ ប៉ុន្តែភាគច្រើនក្នុងចំណោម អ្នកដែលបានសម្រេចចិត្តរួចរាល់វិញនោះ គឺពួកគេនឹងបន្តគាំទ្រ​គណបក្សកាន់អំណាច People's Action Party (PAP)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទិន្នន័យមកពីវិទ្យាស្ថានស្ទង់មតិ YouGov បានបង្ហាញថា ត្រឹម៤៤ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសិង្ហបុរីចំនួន ១,៨៤៥នាក់ ដែលត្រូវបានសាកសួរកាលពីខែមីនា បានសម្រេចចិត្តរួចរាល់ ចំពោះគណបក្សដែលពួកគេនឹងបោះឆ្នោត​ឱ្យ ហើយក្នុងនោះទៀតសោត ៦៣ភាគរយ បាននិយាយថា នឹងជ្រើសរើសយកគណបក្សកាន់អំណាច ខណៈ១៥ភាគរយ នឹងគាំទ្រ​បក្សប្រឆាំងដែលនាំមុខគេ គឺគណបក្ស Workers' Party។ ទន្ទឹមគ្នានោះ ប្រមាណជាពាក់កណ្តាល នៃអ្នកចូលរួមស្ទង់មតិ បាននិយាយថា ពួកគេមានទស្សនៈវិជ្ជមានចំពោះ គណបក្ស PAP ហើយ៤២ភាគរយ មានទស្សនៈវិជ្ជមានដូចគ្នា ចំពោះគណបក្ស Workers' Party។ បើតាម YouGov គណបក្សកាន់អំណាច អាចនឹងប្រឈមការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅសិង្ហបុរី ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅមិនហួសពីខែវិច្ឆិកា ហើយវានឹងជាការធ្វើតេស្តពិតប្រាកដលើកដំបូង សម្រាប់នាយករដ្ឋមន្រ្តី លោក Lawrence Wong ចាប់តាំងពីរូបលោក បានឡើងដឹកនាំប្រទេស កាលពីខែឧសភា ឆ្នាំ២០២៤ ជំនួសនាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរមកហើយ គឺលោក ​Lee Hsien Loong ក្នុងនាមជាប្រធានគណបក្ស PAP៕