(ហ្គាហ្សា)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៩ នាក់ និងបណ្តាលឱ្យមនុស្សជាង ៥០ នាក់ផ្សេងទៀតរងរបួស នៅថ្ងៃពុធនេះ នៅពេលដែលគ្រាប់បែកបានវាយប្រហារប្លុកលំនៅដ្ឋានមួយនៅក្នុងតំបន់ Shuja'iyya ភាគខាងកើតនៃទីក្រុងហ្គាហ្សា។
អ្នកនាំពាក្យការពារជនស៊ីវិលហ្គាហ្សា លោក Mahmoud Basal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា ក្រុមសង្គ្រោះកំពុងមមាញឹកក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសពដែលនៅក្រោមគំនរបាក់បែក។
ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅទៅលើផ្ទះចំនួនប្រាំបីដែលនៅជាប់គ្នា ដោយបានបំផ្លាញតំបន់ទាំងមូលដោយគ្រាប់ផ្លោងជាច្រើនគ្រាប់។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែល មិនបានផ្តល់យោបល់ណាមួយពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះទេ។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះបានកើតឡើង ខណៈដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានរាយការណ៍ថា មន្ទីរពេទ្យបានទទួលសាកសពចំនួន ៣៦ នាក់ និងអ្នករបួសចំនួន ៤១ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ គិតត្រឹមពេលនេះ ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា បានកើនឡើងដល់ ១,៤៨២ នាក់ និងអ្នករងរបួស ៣,៦៨៨ នាក់៕