(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃចន្ទ ទី៧ ខែមេសាថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ តេហេរ៉ង់។ អ៉ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានច្រានចោលការគំរាមរបស់លោក ត្រាំ ដែលថាអ៉ីរ៉ង់មានជម្រើស២ ដើម្បីជ្រើសរើស នោះគឺថាតើអ៉ីរ៉ង់ចង់ភ្លក្សការទម្លាក់គ្រាប់បែក ឬអង្គុយចរចាជាមួយសហរដ្ឋអាមេរិក។ ជាថ្មីម្ដងទៀត ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ លោក ត្រាំ បានព្រមានថាអ៉ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត ហើយប្រសិនបើកិច្ចចរចាបរាជ័យ នោះវានឹងក្លាយជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អ៉ីរ៉ង់។

តាមលោក ត្រាំ កិច្ចចរចាជាមួយអ៉ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្ទាល់។ «យើងនឹងមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៉ីរ៉ង់...កិច្ចពិភាក្សានោះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ទី១២ ខែមេសា)។ យើងនឹងមានជំនួបដ៏ធំ មួយ ហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថាកិច្ចពិភាក្សាជាមួយអ៉ីរ៉ង់ជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយ តែលោកមិនបានបង្ហើបថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅ នៅទីណានោះទេ ដោយគ្រាន់តែនិយាយថាវាមានលទ្ធភាពដែលអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក ជាកិច្ចចរចាដោយប្រយោលកម្រិតខ្ពស់ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអូម៉ង់។ អូម៉ង់ជាប្រទេសមួយក្នុងតំបន់មជ្ឈិមបូព៌ា ដែលរក្សាទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។

ថាតើកិច្ចចរចារវាងអាមេរិក និងអ៉ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្ទាល់ ឬដោយប្រយោល វាមិនសំខាន់នោះទេ។ អ្វីដែលសំខាន់គឺដូចដែលលោក Araqchi បានលើកឡើងថា «កិច្ចប្រឹងប្រែងការទូតនៅពេលនេះជាឱកាសមួយដ៏ល្អបំផុត ពីព្រោះវាជាការធ្វើតេស្ដលើឆន្ទៈរបស់ភាគីទាំងសងខាងថាតើមានភាពប្រាកដប្រជាចំពោះកិច្ចចរចាឬក៏អត់? កិច្ចពិភាក្សានៅចុងសប្ដាហ៍នេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងកម្រិតខ្ពស់ដោយមានការចូលរួមពីប្រមុខការទូតអ៉ីរ៉ង់ លោក Araqchi និងបេសកជនពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា និងសង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ លោក Steve Witkoff។ នៅចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់ រដ្ឋបាលលោក ត្រាំ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-2 និងនាវាផ្ទុកយន្ដហោះចម្បាំងទី២ គឺ USS Carl Vinson ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលយោធាអាមេរិកកំពុងដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់ អ៉ីរ៉ង់។ តាមក្រុមអ្នកវិភាគ ការវាយប្រហារលើក្រុមហ៊ូទីជាសារមួយដែលលោក ត្រាំ ចង់បញ្ជូនទៅឱ្យអ៉ីរ៉ង់។ អ៉ីរ៉ង់ពិតណាស់ ចង់បញ្ចៀសការដាក់ទណ្ឌកម្មបន្ថែមពីសំណាក់លោកខាងលិច ក្នុងពេលដែលកំពុងជាប់ទណ្ឌកម្មរបស់អាមេរិក រួចទៅហើយនោះ។ បណ្ដាប្រទេសអឺរ៉ុបបាននិយាយថាពួកគេនឹងដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេនោះ។ ការគំរាមនេះបានជំរុញឱ្យអ៉ីរ៉ង់ព្រមានបកវិញថាខ្លួននឹងបោះបង់ចោល សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។

តាមទិន្នន័យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA​ អ៉ីរ៉ង់សព្វថ្ងៃ បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជិតដល់កម្រិតគ្រប់គ្រាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ហើយអាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោច ៦គ្រាប់។ រឿងដែលគេព្រួយបារម្ភត្រង់នេះឯង ពោលគឺលទ្ធភាពខ្ពស់ណាមួយដែលអ៉ីរ៉ង់អាចនឹងផលិតអាវុធនុយក្លេអ៊ែរ នឹងជំរុញឱ្យអ៉ីស្រាអែល និងសហរដ្ឋអាមេរិកប្រើប្រាស់ជម្រើសយោធាដើម្បីរារាំងកុំឱ្យតេហេរ៉ង់មាន អាវុធនុយក្លេអ៊ែរ។ «វាមិនអាចទៅរួចទេដែលអ៉ីស្រាអែលនឹងសប្បាយចិត្តដែលកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់រីកចម្រើនទៅមុខ ដោយមិនមានការត្រួតពិនិត្យល្អិតល្អន់ពី UN»។ នេះជាការយល់ឃើញរបស់លោក Ali Vaez ជានាយកកម្មវិធីអ៉ីរ៉ង់ មកពីអង្គការ International Crisis Group។ ម្យ៉ាងវិញទៀត យុទ្ធនាការទម្លាក់គ្រាប់បែកណាមួយ អាចនឹងជំរុញឱ្យអ៉ីរ៉ង់វាយបកវិញលើគោលដៅអាមេរិក និងអ៉ីស្រាអែល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាប្រទេសអារ៉ាប់ ដូចជា រោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីតដែលគ្មានប្រទេសអារ៉ាប់ណាមួយក្នុងតំបន់ចង់ឃើញស្ថានការណ៍បែបនេះកើតឡើងនោះទេ។ វាក៏អាចនឹងជំរុញឱ្យអ៉ីរ៉ង់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ផងដែរ។

លោកស្រី Sanam Vakil ជានាយកកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថាន Chatham House បាននិយាយថាដោយសារការមិនទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសដោយសារតែលោក ត្រាំ បានដកអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអំឡុងអាណត្តិទី១របស់លោក ដូច្នេះលើកនេះអ៉ីរ៉ង់មុខជាត្រូវការការធានាសន្តិសុខ និងសេដ្ឋកិច្ចជាអចិន្ត្រៃយ៍សម្រាប់អនាគតនៃរបបរបស់ខ្លួន ជាថ្នូរទៅនឹងការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយរដ្ឋបាល លោក ត្រាំ ក្នុងអាណត្តិទី២។ លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ បាននិយាយក្នុងជំនួបជាមួយលោក ត្រាំ នៅឯការិយាល័យពងក្រពើនៃសេតវិមានថាលោកចង់បានកិច្ចព្រមព្រៀងមួយដូចដែលអាមេរិកបានចុះហត្ថលេខាជាមួយលីប៊ី។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះចង់សំដៅលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៣ នៅពេលដែលអតីតមេដឹកនាំលីប៊ី លោក Muammar El Qaddafi យល់ព្រមព្រៀងរំសាយចោលទាំងអស់នូវកម្មវិធីអាវុធប្រល័យលោក ក្នុងនោះរួមមាន ទាំងកម្មវិធីអាវុធនុយក្លេអ៊ែរផងដែរ។ ប៉ុន្តែ ក្នុងករណីលោក ត្រាំ ពិតជាចង់រំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដោយយកគំរូតាមលីប៊ី បន្ថែមពីការបិទបញ្ចប់កម្មវិធីមីស៊ីលរបស់អ៉ីរ៉ង់ ព្រមទាំងទំនាក់ទំនងរបស់តេហេរ៉ង់ជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា នោះកិច្ចចរចាតាមការទូត ប្រៀបបានដូចជាអ្នកជំងឺស្លាប់មុនបញ្ជូនទៅដល់មន្ទីរពេទ្យ។ នេះជាការលើកឡើងរបស់លោក Trita Parsi ជាអ្នកវិភាគស្ដីពីអ៉ីរ៉ង់ម្នាក់មកពីវិទ្យាស្ថាន Quincy។ លោក បន្តថាផ្ទុយទៅវិញ បើយុទ្ធសាស្ត្ររបស់លោក ត្រាំ គឺផ្ដោតលើកិច្ចព្រមព្រៀងមួយដែលរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាបន្ទាត់ក្រហមតែមួយគត់របស់លោក នោះវាមានហេតុផលត្រូវគិតសុទិដ្ឋិនិយមចំពោះកិច្ចចរចា។

សម្រាប់លោក Vaez វិញ លោកផ្ទាល់យល់ថាអ៉ីរ៉ង់នៅតែមានការសង្ស័យអំពីការចុះកិច្ចព្រមព្រៀងជាមួយលោក ត្រាំ។ លោកបន្ថែមថា «ខ្ញុំមើលឃើញសញ្ញាថាពួកគេ (អ៉ីរ៉ង់) ដូចជាកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាម។ សញ្ញាទាំងនោះរួម មានការបង្កើនសាមគ្គីភាពក្នុងស្រុក ការសន្យាមិនអនុវត្តច្បាប់តឹងរ៉ឹងពាក់ព័ន្ធនឹងការស្លៀកពាក់របស់ស្រ្តីអ៉ីរ៉ង់ ការដោះលែងអ្នកទោសនយោបាយមួយចំនួន និងការព្រមានអំពីបាតុកម្មតវ៉ា។

គួរបញ្ជាក់ថា បន្ទាប់ពីអ៉ីស្រាអែលកម្ទេចសមត្ថភាពសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា ដូចជាហេសបូឡានៅលីបង់ និងហាម៉ាសនៅហ្កាហ្សា គួបផ្សំនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើប្រព័ន្ធការពារដែនអាកាសរបស់ អ៉ីរ៉ង់ អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាហាក់ងាយរងគ្រោះទៅនឹងការវាយប្រហារ។ ប៉ុន្តែ លោក Vaez បានព្រមានថាកុំរំពឹងទុកខ្ពស់ពេក។ ជាការពិតណាស់ អ៉ីរ៉ង់មានពិតជាទន់ខ្សោយ តែមិនមែនទាំងស្រុងទេ។ សម្រាប់មេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei លោកមិនអាចទទួលយកបានឡើយនូវភាពអាម៉ាស និងការសុំចុះចាញ់ដែលអាចធ្វើឱ្យរបបរបស់លោកមានគ្រោះថ្នាក់។ ក្នុងន័យនេះអ្វីដែលលោក Khamenei ខ្លាចបំផុត គឺមិនមែនផលវិបាកបង្កឡើង ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេ តែគឺលោកខ្លាចផលវិបាកដែលបង្កឡើងដោយការឱនក្បាលសុំចុះចាញ់សត្រូវ៕