(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោកមិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងចេញពីសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយចិន។ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់។ តែទោះជាបែបនេះក្ដី មេដឹកនាំចិនមិនទាន់ដឹងថានឹងត្រូវដោះស្រាយវាដោយរបៀបណានោះទេ»។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្អាកការអនុវត្តការយកពន្ធដែលបានចូលជាធរមានកាលពីថ្ងៃពុធ រយៈពេល៩០ថ្ងៃ លើបណ្ដាប្រទេសជាច្រើន លើកលែងតែចិន ដែលលោកបានបង្កើន ការយកពន្ធដល់ទៅ ១២៥ភាគរយ៕