(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានប្រកាសជាផ្លូវការពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាមួយការសន្យាថានឹងផ្តោតលើ ការដោះស្រាយវិសមភាព និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។
កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងវីដេអូមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក Lee បានសន្យាថាលោកនឹងដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចដែលលោកចាត់ទុកថា ជាប្រភពដ៏សំខាន់នៃជម្លោះនៅក្នុងសង្គមកូរ៉េ។ លោកបន្ថែមថានឹងជំរុញឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅកម្រិតរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសលាលែងចេញពីតំណែងជាប្រធានបក្សប្រឆាំងមួយនេះ ដើម្បីត្រៀមខ្លួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ តាមការស្ទង់មតិរបស់ស្ថាប័ន Gallup ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា លោក Lee គឺជាបេក្ខជនមានសក្តានុពលជាងគេដែលនឹងកា្លយជាប្រធានាធិបតីថ្មីរបស់ កូរ៉េខាងត្បូង ដោយទទួលបានអត្រាគំាទ្រ ៣៤ភាគរយ ខណៈបេក្ខជននាំមុខគេនៅក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក Yoon គឺអតីតរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soo ទទួលបានអត្រាគំាទ្រ ៩ភាគរយ៕