(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានគំរាមសាជាថ្មីថានឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៉ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ ជាមួយការសង្កត់ធ្ងន់ថាអ៉ីស្រាអែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពយោធាណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយប្រសិនបើតេហេរ៉ង់ហ៊ានប្រកែកមិនបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរទេ នោះសកម្មភាពយោធានឹងត្រូវធ្វើឡើង។ «ខ្ញុំមិន បានសុំអ្វីច្រើនទេ... ប៉ុន្តែពួកគេ (អ៉ីរ៉ង់) មិនអាចមានអាវុធនុយក្លេអ៊ែរនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ​ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយចំនួននៅឯការិយាល័យ ពងក្រពើនៃសេតវិមាន។ លោក ត្រាំ បន្តទៀតថា «ប្រសិនបើវាតម្រូវឱ្យធ្វើសកម្មភាពយោធា យើងនឹងធ្វើសកម្មភាពយោធា ហើយជាការពិតណាស់ អ៉ីស្រាអែលនឹងដើរតួនាទីយ៉ាងសំខាន់»។ ប៉ុន្តែ លោក ត្រាំមិនបញ្ជាក់ថាតើ នៅពេលណា ទើបសកម្មភាពត្រូវធ្វើឡើងនោះទេ។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ភ្ជាប់ជា មួយថាវានឹងក្លាយជាថ្ងៃដ៏អាក្រក់របស់អ៉ីរ៉ង់ ប្រសិនបើកិច្ចចរចានេះទទួលបរាជ័យ។ តែខាងអ៉ីរ៉ង់បញ្ជាក់ថាកិច្ចចរចានេះនឹងត្រូវធ្វើឡើងដោយប្រយោលនៅក្នុងប្រទេសអូម៉ង់៕