(ប៉ាណាម៉ា)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាវាគឺអាស្រ័យលើអ៉ីរ៉ង់ដែលជាអ្នកសម្រេចចិត្តថាតើសកម្មភាពរបស់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 នាពេលថ្មីៗនេះគឺជាការបញ្ជូនសារមួយឱ្យទីក្រុងតេហេរ៉ង់ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរតើយន្ដហោះទម្លាក់គ្រាប់បែក B-2 ជាការបញ្ជូនសារឱ្យអ៉ីរ៉ង់ ឬក៏យ៉ាងណា? លោក Hegseth បានប្រាប់អ្នកសារព័ត៌មាន អំឡុងបំពេញទស្សនកិច្ចនៅប៉ាណាម៉ាថា «យើងនឹងទុកឱ្យពួកគេ (អ៉ីរ៉ង់) ជាអ្នកសម្រេចចិត្ត... លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា...អ៉ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរដាច់ខាត។ តែយើងពិតជាសង្ឃឹមថាលោកប្រធានាធិបតីកំពុងផ្ដោតលើការដោះស្រាយបញ្ហាដោយសន្តិវិធី»។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ភ្ជាប់ជាមួយថាវានឹងក្លាយជាថ្ងៃដ៏អាក្រក់របស់អ៉ីរ៉ង់ ប្រសិនបើកិច្ចចរចានេះទទួលបរាជ័យ។ តែខាងអ៉ីរ៉ង់បញ្ជាក់ថាកិច្ចចរចានេះនឹងត្រូវធ្វើឡើងដោយប្រយោល នៅក្នុងប្រទេសអូម៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានគំរាមសាជាថ្មីថានឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៉ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេនោះ ជាមួយការសង្កត់ធ្ងន់ថាអ៉ីស្រាអែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពយោធាណាមួយ៕