(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃពុធ ទី៩ ខែមេសា ថាបារាំងអាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅខែមិថុនាខាងមុខ ជាមួយការបន្ថែមថាជាថ្នូរមកវិញ ប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ក៏គួរតែទទួលស្គាល់រដ្ឋអ៉ីស្រាអែលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 5 លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «យើងចាំបាច់ត្រូវឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ហើយដូច្នេះយើងនឹងធ្វើវានៅប៉ុន្មានខែ ខាងមុខទៀតនេះ។ ខ្ញុំមិនមែនកំពុងផ្គាប់ចិត្តនរណាម្នាក់នោះទេ តែខ្ញុំធ្វើវាក៏ព្រោះតែវាជារឿងត្រឹមត្រូវ»។ លោកបន្តថាបណ្ដាប្រទេសដទៃដែលគាំទ្រប៉ាឡេស្ទីន ក៏គួរតែទទួលស្គាល់រដ្ឋអ៉ីស្រាអែលជាថ្នូរ ត្រឡប់មកវិញផងដែរ។
គួរបញ្ជាក់ថា បើទោះជាប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយប្រទេសជិត ១៥០ប្រទេសជារដ្ឋអធិបតេយ្យមួយក៏ដោយ ក៏មហាអំណាចលោកខាងលិចធំៗដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន មិនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ។ ចំណែក ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលមិនទទួលស្គាល់អ៉ីស្រាអែល រួមមានអារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ អ៉ីរ៉ាក់ ស៊ីរី និងយេម៉ែនជាដើម៕