(កៀវ)៖ កាលពីថ្ងៃពុធ ទី៩ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ចារកម្មអ៊ុយក្រែន មានព័ត៌មានអំពីពលរដ្ឋចិនប្រហែល១៥៥នាក់ កំពុងជួយយោធារុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានលើកឡើងដូចខាងលើ បន្ទាប់ពីបានអះអាងក្នុងសប្តាហ៍នេះថា ជនជាតិចិន២នាក់ ដែលជួយរុស្ស៉ីប្រយុទ្ធ ត្រូវបានចាប់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជជែកជាមួយទីក្រុងមូស្គូ អំពីការដាក់ពង្រាយជនជាតិចិន នៅសមរភូមិអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានបន្តថា រុស្ស៉ីបានអូសទាញពលរដ្ឋចិនទៅជួយប្រយុទ្ធក្នុងសង្រ្គាមរបស់ខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយក្រុមមន្រ្តីចិនក៏បានដឹងអំពីរឿងនេះផងដែរ ខណៈឥឡូវអ៊ុយក្រែនកំពុងព្យាយាមវាយតម្លៃថា តើជនជាតិចិនទាំងនោះ មានទទួលបានការណែនាំពីទីក្រុងប៉េកាំង ដែរឬយ៉ាងណា។ បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែនកំពុងប្រមូលព័ត៌មានបន្ថែម ហើយជឿថា អាចមានជនជាតិចិនច្រើនថែមទៀត ដែលកំពុងជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាម។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសចិន បានច្រានចោលការអះអាងរបស់លោក ហ្សេលេនស្គី អំពីវត្តមានជនជាតិចិននៅខាងរុស្ស៉ី ប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងប៉េកាំង កំពុងផ្ទៀងផ្ទាត់ស្ថានការណ៍ជាមួយអ៊ុយក្រែន។ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់ខ្លួន តែងតែទាមទារឱ្យពលរដ្ឋចិន ចៀសវាងតំបន់ដែលមានជម្លោះប្រដាប់អាវុធ ហើយជាពិសេសនោះ ចៀសវាងចូលរួមពាក់ព័ន្ធ ក្នុងប្រតិបត្តិការយោធារបស់ភាគីណាមួយ៕