(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន បាននិយាយថា គ្មានអ្នកណាអាចទទួលជ័យជម្នះឡើយ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយការដាក់សម្ពាធ និងការគំរាមកំហែង មិនមែនជាមធ្យោបាយត្រឹមត្រូវ ដើម្បីដោះស្រាយជាមួយចិននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុចិន លោកស្រី He Yongqian បានលើកឡើងដូចខាងលើ នៅពេលត្រូវបានសាកសួរថា តើប្រទេសមហាយក្សសេដ្ឋកិច្ចពិភពលោកទាំង២ បានចាប់ផ្តើមការចរចាគ្នាជុំវិញបញ្ហាពន្ធគយដ៏តានតឹងហើយឬនៅ។ លោកស្រី He បានបន្ថែមថា ប្រទេសចិននឹងបន្តឆ្លើយតប រហូតដល់ទីបញ្ចប់ ប្រសិនបើសហរដ្ឋអាមេរិក នៅតែចចេសប្រើវិធីសាស្រ្តដូចបច្ចុប្បន្នរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុចិនរូបនេះ បានបន្តថា ចិនបើកទ្វារចំហចំពោះកិច្ចសន្ទនាជាមួយអាមេរិក ប៉ុន្តែចាំបាច់ត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងសមភាព។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន រហូតដល់១២៥ភាគរយ បន្ទាប់ពីចិនបានដំឡើងពន្ធដល់៨៤ភាគរយ ប្រឆាំងទំនិញអាមេរិក ដើម្បីជាការសងសឹកនឹងវិធានការពន្ធបដិការ (reciprocal tariff) របស់លោក ត្រាំ។ ចិនបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបន្តតតាំងជាមួយអាមេរិកដល់ទីបំផុត ក្នុងការកើនឡើងកម្តៅ នៃជម្លោះពាណិជ្ជកម្មរវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក។ លោក ត្រាំ បានអះអាងថា ចិនចង់បានកិច្ចព្រមព្រៀងជាមួយអាមេរិក ប៉ុន្តែទីក្រុងប៉េកាំងហាក់មិនទាន់ដឹងថា តើត្រូវធ្វើបែបនោះដោយរបៀបណា៕