(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានបដិសេធនៅថ្ងៃព្រហស្បតិ៍នេះ នូវការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលថាប្រទេសចិនកំពុងត្រូវបានទាញចូលទៅក្នុងជម្លោះនៅអ៊ុយក្រែន ដោយបញ្ជាក់ថាទីក្រុងប៉េកាំងមាន «ជំហរតុល្យាភាព» នៅក្នុងបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ការបដិសេធនេះបានកើតឡើង បន្ទាប់ពីលោក Zelenskiy បានអះអាងថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានរកឃើញជនជាតិចិនយ៉ាងហោចណាស់ ១៥៥ នាក់កំពុងប្រយុទ្ធនៅខាងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលចិនបានព្រមានអ៊ុយក្រែនកុំឱ្យធ្វើការអត្ថាធិប្បាយដែលគ្មានការទទួលខុសត្រូវ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានហៅទីក្រុងប៉េកាំងថាជា «អ្នកគាំទ្រយ៉ាងរឹងមាំ និងជាអ្នកជំរុញយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធី» ហើយបានបញ្ជាក់ថា ប្រទេសចិនតែងតែព្យាយាមទប់ស្កាត់ពលរដ្ឋរបស់ខ្លួនពីការចូលរួមប្រយុទ្ធក្នុងជម្លោះនៅបរទេស។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Zelenskiy អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងម៉ូស្គូមិនបានទាញទីក្រុងប៉េកាំងឱ្យចូលរួមក្នុងជម្លោះនោះទេ។ លោក Peskov បានសង្កត់ធ្ងន់ថា «ប្រទេសចិនប្រកាន់ខ្ជាប់នូវជំហរតុល្យភាព។ ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រ មិត្ត និងសមមិត្តរបស់យើង។ លោក Zelenskiy គឺយល់ច្រឡំហើយ»។

គួរបញ្ជាក់ថា រុស្ស៊ី និងចិនបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» តែប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យកងទ័ពរាប់ម៉ឺននាក់ចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕