(អូស្ត្រាលី)៖ នូវែលសេឡង់ និងអូស្ត្រាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសផ្សេងទៀត ដែលមានគោលជំហរគាំទ្រពាណិជ្ជកម្មសេរី ដើម្បីបង្កើតយន្តការឆ្លើយតបរួមគ្នា សំដៅទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានពីការដាក់ពន្ធគយថ្មីៗ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយមេដឹកនាំសិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងប្រធានប្រតិបត្តិសហភាពអឺរ៉ុប អំពីការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ដោយលើកឡើងពីលទ្ធភាពនៃការធ្វើការរួមគ្នារវាងសមាជិកសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀង CPTPP ដើម្បីជំរុញការធ្វើពាណិជ្ជកម្មដោយគ្មានការរឹតត្បិត។

កិច្ចខិតខំប្រឹងប្រែងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថដ បានប្រកាសដាក់ពន្ធលើប្រទេសជាច្រើនកាលពីសប្តាហ៍មុន ទោះបីជាលោកបានសម្រេចផ្អាកពន្ធទាំងនោះជាបណ្តោះអាសន្នរយៈពេល ៩០ ថ្ងៃក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានថ្លែងថា រដ្ឋមន្ត្រីរដ្ឋាភិបាលបានពិភាក្សាជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជប៉ុន កូរ៉េ ឥណ្ឌា និងសហភាពអឺរ៉ុប អំពីការបង្កើតការឆ្លើយតបរួមមួយចំពោះពន្ធគយរបស់លោក ត្រាំ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃពាណិជ្ជកម្មសេរី និងយុត្តិធម៌ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។

លោក Luxon បានបន្ថែមថា លោកក៏បានពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីវិធីដែល EU និងនូវែលសេឡង់អាចសហការគ្នា ដើម្បីគាំទ្រដល់ច្បាប់ពាណិជ្ជកម្មដែលនឹងជួយដល់ការងារ និងកំណើនសេដ្ឋកិច្ច។ នូវែលសេឡង់ អូស្ត្រាលី សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី គឺជាសមាជិកនៃ CPTPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ។

គួរបញ្ជាក់ថា ទោះបីជាលោក ត្រាំ បានដាក់ពន្ធ ១០% លើអូស្ត្រាលី និងនូវែលសេឡង់ក៏ដោយ ប្រទេសទាំងពីរបានបញ្ជាក់ថា ពួកគេមិនមានគម្រោងសងសឹកនោះទេ។ ទិន្នន័យកាលពីឆ្នាំមុនបានបង្ហាញថា ប្រហែល ១២% នៃការនាំចេញរបស់នូវែលសេឡង់ និង ៥% នៃការនាំចេញរបស់អូស្ត្រាលី គឺបានទៅកាន់សហរដ្ឋអាមេរិក៕