(ញូវយ៉ក)៖ នៅបន្ទាប់ពីអង្រួនទីផ្សារពិភពលោកឱ្យរញ្ជួយញាប់ញ័រអស់រយៈពេលច្រើនថ្ងៃមកនេះ តាមរយៈការគំរាមអនុវត្តការយកពន្ធគយទៅមកកម្រិតខ្ពស់លើបណ្ដាប្រទេសជាច្រើន ដែលក្រុមអ្នកជំនាញព្រមានថាអាចធ្វើឱ្យ សេដ្ឋកិច្ចចលាចល នៅទីបំផុតទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមេសា បានសម្រេចចិត្តថយមួយជំហានដោយប្រកាសផ្អាកការយកពន្ធគយទៅមក លើកលែងតែចិនដែលលោកបានដំឡើងការយក ពន្ធដល់១២៥ភាគរយ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ​ បាននិយាយថាការអនុវត្តការយកពន្ធគយលើដៃគូពាណិជ្ជកម្មជាច្រើនរបស់អាមេរិក ត្រូវបានផ្អាករយៈពេល ៩០ថ្ងៃ។ ការប្រកាសនេះកើតឡើងតែជាង១៣ម៉ោង ប៉ុណ្ណោះ ក្រោយផែនការយកពន្ធគយនេះបានចូលជាធរមាន។ លោក ត្រាំ បានបង្ហើបថាភាពចលាចលនៅក្នុងទីផ្សារមូលបត្រដែលកើតឡើងនៅបន្ទាប់ពីការអនុវត្តការយកពន្ធចូលជាធរមាន គឺជាហេតុផលមួយដ៏ចម្បងនៅក្នុង ការសម្រេចចិត្តរបស់លោក។

* តើពន្ធគយអ្វីដែលលោក ត្រាំ បានផ្អាក?
លោកប្រធានាធិបតី ត្រាំ បានប្រកាសផ្អាកការអនុវត្តការយកពន្ធគយទៅមកកម្រិតខ្ពស់ដែលលោកបានគំរាមថានឹងយកពីបណ្ដាប្រទេសច្រើនជាង៦០ ព្រមទាំងសហភាពអឺរ៉ុបក្នុងរយៈពេល៩០ថ្ងៃ។ ពន្ធគយនេះគឺជាប្រភេទពន្ធ ដែលត្រូវបានអនុវត្តទៅវិញទៅមករវាងដៃគូពាណិជ្ជកម្ម អាស្រ័យលើទំហំនៃអតិរេកពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក។ តាមសេចក្ដីសម្រេចរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានយល់ព្រមបញ្ចុះការយកពន្ធគយលើ ទំនិញនាំចូលមកពីគ្រប់ប្រទេសលើកលែងតែចិន មកនៅត្រឹម១០ភាគរយ រហូតដល់ខែកក្កដា ខណៈកិច្ចចរចាកំពុងដំណើរការ។ ចិនដែលសិ្ថតនៅក្នុងចំណោមប្រទេសដែលលោក ត្រាំ ប្រកាសយកពន្ធទៅមកកម្រិតខ្ពស់ដែរនោះ មិនត្រូវបានរាប់បញ្ចូលក្នុងការផ្អាកនេះ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានប្រកាសដំឡើងការយកពន្ធពីទំនិញទាំងអស់នាំចូលពីចិនដល់ទៅ ១២៥ភាគរយទៀតផង។ ការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសយកពន្ធសងសឹក ៨៤ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែមេសា។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៩ ខែមេសា លោក ត្រាំ ក៏បានព្រមានផងដែរកុំឱ្យប្រទេសដទៃហ៊ានតដៃសងសឹកពន្ធលើសហរដ្ឋអាមេរិក។

* ហេតុអ្វីលោក ត្រាំ ផ្អាកការយកពន្ធគយមួយចំនួន?
ការអនុវត្តការយកពន្ធគយទៅមករបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារមូលបត្រចលាចល និងបង្កភាពភ័យខ្លាចពីឱនភាពសេដ្ឋកិច្ច «recession»។ លោក ត្រាំ ផ្ទាល់បានរងសម្ពាធពីបណ្ដាប្រធានក្រុមហ៊ុនធំៗ និងក្រុមអ្នកវិនិយោគ ដែលបានព្យាយាមបញ្ចុះបញ្ចូលឱ្យរូបលោកផ្លាស់ប្ដូរចិត្ត។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើហេតុអ្វីបានជាលោកកែប្រែចិត្ត លោក ត្រាំ បានឆ្លើយថាលោកបានផ្លាស់ប្ដូរចិត្ត ដោយផ្អាកការអនុវត្តការយកពន្ធទៅវិញ ទៅមក ដោយសារតែមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច។ លោក ត្រាំ បន្ថែមថា «ទីផ្សារមូលបត្រកំពុងជួបបញ្ហា។ ខ្ញុំកំពុងតាមឃ្លាំមើល..មនុស្សជាច្រើនមានអារម្មណ៍មិនសូវល្អនោះទេ»។ តាមលោក ត្រាំ លោកផ្ទាល់ក៏ត្រូវបាន បញ្ចុះបញ្ចូលឱ្យផ្លាស់ប្ដូរចិត្តផងដែរ ក្រោយបានមើលបទសម្ភាសន៍មួយរបស់នាយកប្រតិបត្តិធនាគារ JPMorgan លោក Jamie Dimon នៅលើកញ្ចក់ទូរទស្សន៍ Fox News ដែលបានព្រមានថាសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចូល ក្នុងឱនភាពសេដ្ឋកិច្ច។

* តើអាចនឹងមានអ្វីកើតឡើង ក្រោយការផ្អាករបស់លោក ត្រាំ ផុតកំណត់?
ដោយសារតែលោក ត្រាំ ជាមនុស្សម្នាក់ដែលពិបាកព្យាករ ដូច្នេះគេក៏មិនទាន់អាចនិយាយបានដែរថាតើនឹងអ្វីកើតឡើងឱ្យប្រាកដ ក្រោយការផ្អាកការអនុវត្តការយកពន្ធគយទៅមក បិទបញ្ចប់។ នៅក្នុងការបង្ហោះរបស់លោក ត្រាំ ការផ្អាកការយកពន្ធគយធ្វើឡើងក្នុងគោលបំណងដើម្បីទុកឱកាស និងពេលវេលាឱ្យដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ចរចា និងស្វែងរកកិច្ចព្រមព្រៀងបញ្ចៀសការយកពន្ធគយ។ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកធ្លាប់បាន និយាយថាសហរដ្ឋអាមេរិកចង់ឱ្យបណ្ដាប្រទេសទាំងនោះចាត់វិធានការដែលក្នុងនោះរួមមានការបញ្ចុះពន្ធគយរបស់ពួកគេ ក៏ដូចជាដោះស្រាយរបាំងពាណិជ្ជកម្មដែលអាចមានដូចជា បទបញ្ញត្តិ កូតា ជំនួយរបស់រដ្ឋទៅឱ្យក្រុមហ៊ុន ក្នុងស្រុក និងកម្មសិទ្ធិបញ្ញាជាដើម។ លោក ត្រាំ​បានអះអាងថាឱនភាពពាណិជ្ជកម្មរបស់អាមេរិក គឺកើតឡើងដោយសាររបាំងពាណិជ្ជកម្ម ហើយលោកចង់ដករបាំងនេះចោល។ ដូច្នេះអ្វីដែលគេអាចនិយាយបាន នោះគឺវាអាចទៅរួច ថានៅបន្ទាប់ពីការផ្អាក ៩០ថ្ងៃបិទបញ្ចប់ ឬអាចនៅដើមខែកក្កដាខាងមុខ បណ្ដាប្រទេសដែលមិនអាចចរចាស្វែងរកបាននូវកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ពួកគេនឹងត្រូវប្រឈមនឹងការយកពន្ធទៅមកកម្រិតខ្ពស់ឡើងវិញ ដែលបានចូលជាធរមានស្រាប់ បានត្រឹមប៉ុន្មានម៉ោង កាលពីថ្ងៃទី៩ ខែមេសា។ ក្រៅពីនេះ លោក ត្រាំ ក៏អាចបន្តការពន្យារពេល ឬផ្អាកការយកពន្ធទៅមកបន្ថែមទៀតផងដែរ។ លោក ត្រាំ ធ្លាប់បានពន្យារពេលការអនុវត្តការយកពន្ធ ចំនួន២លើករួចមកហើយលើកាណាដា និងម៉ិកស៉ិក។

​* តើសហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកឱនភាពសេដ្ឋកិច្ច ឬ?
ការសម្រេចចិត្តយកពន្ធគយទៅមកដែលលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែមេសា ធ្វើឡើងចំពេលអារម្មណ៍របស់អ្នកប្រើប្រាស់កាន់តែយ៉ាប់យ៉ឺន ហើយធនាគារ Wall Street បានដំឡើងលទ្ធភាពនៃការព្យាកររបស់ខ្លួនថា ឱនភាពសេដ្ឋកិច្ចសកលអាចនឹងកើតឡើងនៅក្នុងឆ្នាំ២០២៥។ ក្រុមអ្នកវិភាគបាននិយាយថាអតិផរណា និងការកើនឡើងការប្រុងប្រយ័ត្ន ឬការស្ទាក់ស្ទើរនៃសកម្មភាពជំនួញអាចនឹងបង្អាក់ដល់កំណើនសេដ្ឋកិច្ច ហើយអាចនឹងបង្ក ឱ្យសេដ្ឋកិច្ចដើរថយក្រោយ។ ទីផ្សារមូលបត្របានស្ទុះងើបឡើងវិញ បន្ទាប់ពីលោក ត្រាំ ប្រកាសផ្អាកការអនុវត្តការយកពន្ធគយទៅមក និងបានជំរុញឱ្យក្រុមអ្នកសេដ្ឋកិច្ចមកពីធនាគារ Goldman Sachs លុបចោលការព្យាករ របស់ពួកគេអំពីឱនភាពសេដ្ឋកិច្ច។ តែទោះជាបែបនេះក្ដី វានៅតែមានភាពមិនច្បាស់លាស់ថាតើលោក ត្រាំ នឹងត្រូវធ្វើអ្វីបន្តទៀត ក្នុងបរិបទដែលពន្ធដែលចូលជាធរមានរួចទៅហើយនោះគ្រាន់តែត្រូវបានផ្អាកប៉ុណ្ណោះ ហើយ ណាមួយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក៏កាន់តែស្រួចស្រាល់ផងនោះ។

* ហេតុអ្វីចិនក្លាយជាគោលដៅចម្បងនៃការយកពន្ធរបស់លោក ត្រាំ?
ការអះអាងរបស់លោក ត្រាំ ថាការអនុវត្តពាណិជ្ជកម្មរបស់ចិនមិនមានភាពយុត្តិធម៌ទេ បានជំរុញឱ្យប៉េកាំងប្រកាសថាខ្លួននឹងសងសឹកប្រឆាំងនឹងការយកពន្ធទៅវិញទៅមករបស់សហរដ្ឋអាមេរិក។ លោក ត្រាំ ធ្លាប់បានបង្កើនការយក ពន្ធលើទំនិញនាំចូលពីចិន កាលពីអាណត្តិទី១ជាប្រធានាធិបតីអាមេរិករបស់លោក។ នៅក្នុងអាណត្តិទី២នេះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលសន្មត់ថាការយកពន្ធ គឺជាមធ្យោបាយមួយដែលអាចឱ្យ ចិនទទួលខុសត្រូវលើអ្វីដែលលោក ត្រាំ បានចោទចិនថាបានបរាជ័យក្នុងការទប់ស្កាត់ការនាំចេញថ្នាំញៀន fentanyl និងសារធាតុផលិតថ្នាំញៀននេះដែលបានចូលរួមចំណែកនាំឱ្យកើតមានវិបត្តិគ្រឿងញៀននៅសហរដ្ឋអាមេរិក៕