(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃសុក្រ ទី១១ ខែមេសាថា លោករដ្ឋមន្រ្តីពាណិជ្ជកម្ម Wang Wentao បានពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូង ដើម្បីផ្លាស់ប្តូរទស្សនគ្នាស្តីពីការឆ្លើយតប ចំពោះពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wang បាននិយាយទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត លោក Majid bin Abdullah al-Qasabi អំពីការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ខណៈដែលនិយាយអំពីតួនាទីរបស់ G20 និង BRICS នៅក្នុងពេលសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង លោក Parks Tau។
វាជាកិច្ចសន្ទនាដាច់ដោយឡែកពីគ្នា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលចិនហៅថា ជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ទាំងជាមួយអារ៉ាប៊ីសាអូឌីត និងជាមួយអាហ្រ្វិកខាងត្បូង។ យ៉ាងនេះក្តីព័ត៌មានលម្អិតអំពីកិច្ចពិភាក្សា មិនត្រូវបានក្រសួងពាណិជ្ជកម្មចិន បង្ហាញឱ្យដឹងនោះទេ៕